(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំមកនេះ សមិទ្ធផលក្នុងស្រុកកណ្តៀង និងស្រុកក្រគរ ក៏ដូចជាក្រុងស្រុកដទៃទៀត នៃខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអាចឆ្លុះបញ្ចាំងបានថា សមិទ្ធផលទាំងអស់នោះ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជួយយើង។ ដូច្នេះហើយ យើងត្រូវសហការរួមគ្នា ដើម្បីយកជ័យជំនះ ពីការបោះឆ្នោត ទៅប្តូរនឹងការអភិវឌ្ឍន៍ ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន។

លោកបានលើកឡើងបែបនេះ នៅបរិវេណវត្តកោះរំដួល ក្នុងពិធីបុណ្យកតញ្ញូ ចាស់ព្រឹទ្ធាចារ្យ និងជួបសំណេះសំណាលជាមួយលោកយាយ លោកតា ដែលមានជន្មាយុចាប់ពី៦៥ឆ្នាំឡើង និងប្អូនៗកម្មករ កម្មការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ព្រមទាំងកងកម្លាំងប្រជាការពារជិត១ពាន់ ក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក កែវ រតនៈ បានថ្លែងថា ថ្ងៃនេះគឺជាឱកាសមួយ ដែលក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ពិសេសក្រុមការងារចុះជួយឃុំអន្សាចំបក់ ស្រុកក្រគរ និងឃុំស្រែស្តុក ស្រុកកណ្តៀង ដែលមានលោក អេង គន្ធា ជាប្រធាន បានរៀបចំពិធីបុណ្យកតញ្ញូ ចាស់ព្រឹទ្ធាចារ្យឡើង ដើម្បីបានជួបសំណេះសំណាលជាមួយលោកយាយ លោកតា និងប្អូនៗកម្មករ កម្មការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ព្រមទាំងកងកម្លាំងប្រជាការពារ ដើម្បីសម្តែងនូវក្តីនឹងរលឹក និងបង្ហាញពីចំណងសាមគ្គី ក្នុងនាមយើងទាំងអស់គ្នាជាក្រុមគ្រួសារតែមួយ។

លោកបន្ដថា ជាការពិតណាស់ថា កម្មវិធីចាស់ទុំ (ពិធីបុណ្យកតញ្ញូ ចាស់ព្រឹទ្ធាចារ្យ) គឺចាប់ផ្តើមដំបូងនៅស្រុកក្រគរ និងបន្តរៀបចំបន្ថែមនៅស្រុកកណ្តៀងមួយទៀត តែដោយសារវិបត្តិជំងឺកូវីដ១៩ យើងបានអាក់ខានប្រារព្ធរយៈពេល២ឆ្នាំ ហើយទើបនឹងចាប់ផ្តើមឡើងវិញ ក្រោយពីជំងឺកូវីដ១៩ធូរស្បើយ។

លោកបានបន្តថា រលកនៃជំងឺកូវីដ១៩ ពិតជាបានធ្វើឲ្យរាំងស្ទះដល់សេដ្ឋកិច្ចពិភពលោក និងបណ្តាលឲ្យមនុស្សជាច្រើនលាននាក់បានបាត់បងជីវិត ដោយសារជំងឺដ៏កាចសាហាវនេះ ហើយប្រទេសកម្ពុជាយើង ក៏ទទួលរងគ្រោះដោយសារជំងឺនេះផងដែរ។ តែដោយសារក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ទើបមិនបណ្តាលឲ្យរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចបណ្តាប្រទេសដ៏ទៃទៀត។

លោកបានបន្ថែមថា ក្រោមម្លប់សុខសន្តិភាពរបស់សម្តេច ពិតណាស់ថា ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ ជាក់ស្តែងដូចជាការសម្ពោធដាក់ឲ្យដំណើរការ រោងចក្រផលិតឧបករណ៍ត្រង់ស្វ័រ និងដំឡើង Switchboard នៃក្រុមហ៊ុនព្រីសាយស៍ អេឡិកទ្រីក មេនូហ្វេកឆឺរី (ខេមបូឌា) ឯ.ក កាលពីម្សិលមិញនេះ នៅតំបន់សេដ្ឋកិច្ចក្រគរ គឺដើម្បីឲ្យកូនក្មួយប្រជាពលរដ្ឋយើង មានឱកាសធ្វើការងារ ទទួលបានប្រាក់ខែ កាត់បន្ថយចំណាកស្រុក និងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

លោកសូមឲ្យលោកយាយ លោកតា និងប្អូនៗកម្មករ កម្មការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ព្រមទាំងកងកម្លាំងប្រជាការពារ ត្រូវចូលរួមថែរក្សាតម្លៃសន្តិភាព ដែលរកមកដោយលំបាក ហើយក្រុមការងារនៅបន្តចាំជួយ ដល់លោកយាយ លោកតា ក៏ដូចកូនចៅប្រជាពលរដ្ឋ ដោយមិនរត់ចោលអ្នកទាំងអស់គ្នាឡើយ និងសូមឱ្យថែរក្សាសុខភាព រងចាំមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ឃុំយើងតទៅទៀត៕