(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅដំណើរការបញ្ជាកងទ័ពរបស់ខ្ញុំ គឺមិនបញ្ជាតែមួយខ្សែនោះឡើយ គឺខ្ញុំបានបញ្ជាជាច្រើនខ្សែ ដើម្បីកុំឱ្យការអនុវត្តកិច្ចការណាមួយមានភាពយឺតយ៉ាវ ដែលនាំឱ្យមិនអាចគ្រប់គ្រងស្ថានការណ៍ណាមួយ ដែលអាចនឹងកើតឡើង។

ការបញ្ជាក់បែបនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង៥ពាន់នាក់ ពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រហែលជាឯកឧត្តម មាស សុភា នៅចាំការបោះបោរនៅអន្លង់វែង មេទ័ពជើងគោកក្តាប់អត់បានផង ខ្ញុំក្តាប់បានថា អីឡូវហ្នឹង គឺមានប៉ុន្មាននាក់ តា ម៉ុក ហៅទៅប្រជុំគឺចាប់ផ្តើមបាក់ហើយ ទាក់ទងទៅភា គឺអត់មានដំណឹងអីសោះ ប៉ុន្តែ ខ្ញុំមានដឹណឹងរបស់ខ្ញុំរួចស្រេចទៅហើយ ទៅចុងបំផុតជិតភ្លឺទៅហើយបាន មាស សុភា បញ្ជាក់ត្រឡប់មកវិញថាមានការបោះបោរមែន ព្រោះខ្ញុំអត់ធ្វើការរបៀបបញ្ជាទ័ពរបស់ខ្ញុំ អត់បញ្ជាមួយខ្សែទេ ខ្ញុំបញ្ជាច្រើនខ្សែ ព្រោះដើម្បីជៀសវាងមួយមិនអនុវត្ត ឬក៏អនុវត្តយឺត ឯមួយទៀតទៅមុខ អ៊ឹចឹងបានជាខ្ញុំជួនកាលឱ្យបញ្ជាទៅអគ្គបញ្ជាការ ក៏ប៉ុន្តែ ទន្ទឹមគ្នាទាក់ទងទៅមេភូមិភាគ ឬមេកងពលថាតើអគ្គមេបញ្ជាបញ្ជាទៅដល់នៅ?...!»

បន្ថែមពីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ដើម្បីគ្រប់គ្រងស្ថានការណ៍ណាមួយនោះ គឺសម្តេចមិនត្រឹមតែបញ្ជាទៅអគ្គមេបញ្ជាកងយោធពលខេមរភូមិន្ទតែមួយនោះ ប៉ុន្តែ សម្តេចបានបញ្ជាបន្ថែមដល់មេភូមិភាគ ឬមេកងពលនៅទីតាំងជួលមុខ ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍ចំពោះមុខជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកថា៖ «អ្នកទាំងអស់គ្នាអាចឃើញហើយពេលដែលមានជម្លោះទល់ដែន ហើយមកជុំគ្នានៅផ្ទះរបស់ខ្ញុំ បានឃើញរបៀបកាលណាខ្ញុំឱ្យបទបញ្ជាទៅហើយ ខ្ញុំបារម្ភក្រែងលោ បញ្ជាហ្នឹងវាទៅអត់ដល់ ខ្ញុំត្រូវមានប្រព័ន្ធទំនាក់ទំនងជាមួយហ្នឹងមេបញ្ជាការកងពល ឬមេបញ្ជាការនៅទិសមុខព្រួញណា បើមិនអ៊ឹចឹងយើងបញ្ជាទៅតាមតែមួយខ្សែ គឺមួយខ្សែហ្នឹងវាទៅអស់ដល់ គឺយើងមិនអាចទទួលជោគជ័យទេ»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យមានការកែតម្រូវចំពោះការភ័ន្តច្រឡំថា នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ នៅឆ្នាំ១៩៩៨ ចំណុចនេះជាការខុស ដូចនេះសូមឱ្យមានការកែតម្រូវទូទាំងប្រទេស។ តែនយោបាយឈ្នះ-ឈ្នះ មិនមែនដាក់ចេញនៅឆ្នាំ១៩៩៨ទេ ប៉ុន្តែ វាត្រូវបានអនុវត្តចប់នៅឆ្នាំ២៩៩៨ ចំណែកការចាប់ផ្តើមរបស់វា នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៦។

គួរបញ្ជាក់ដែរថា អស់រយៈពេល ២៥ឆ្នាំកន្លងមកហើយ ប្រទេសកម្ពុជា បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផងចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ-ឈ្នះ៕