(សៀមរាប)៖ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបើកសិក្ខាសាលា ស្ដីពី «ចលនាប្រឡងប្រណាំងពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» ដែលមានវត្តមានចូលរួមពីព្រះសង្ឃ សិក្ខាកាម ដែលជាប្រតិបត្តិករទេសចរណ៍, វិស័យឯកជន, សិស្សនិស្សិត, សាស្ត្រាចារ្យ, ម្ចាស់គ្រឹះស្ថាន, អង្គភាព, មន្ទីរ, ស្ថាប័ន, អាជ្ជាធរដែនដី, និងដៃគូរពាក់ព័ន្ធ ចំនួនជាង ២០០អង្គ/នាក់។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា «ចលនាប្រឡងប្រណាំងពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» គឺផ្ដោតរួមជាមួយនឹង «ផ្សារស្អាត» និង «សាលាស្អាត» ហើយប្រភេទរង្វាន់ គឺមានធុរកិច្ចដែលមានស្នាដៃឆ្នើម ខាងថែរក្សាអនាម័យ និងបរិស្ថានស្អាត (Environment Award), ធុរកិច្ចដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តគោលការណ៍ 3Rs (3Rs Award) រង្វាន់3Rs ដែលផ្ដោតលើការគ្រប់គ្រងសំរាម គឺការកាត់បន្ថយ, ការប្រើប្រាស់ជាថ្មីម្ដងទឿត, និងការផលិត/ប្រើប្រាស់ឡើងវិញ «the Reduce, Reuse, Recycle’ Waste» និងធុរកិច្ចដែលមានស្នាដៃឆ្នើម ខាងសុខមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌ (Social Welfare and Cultural Heritage Award) ។
ក្នុងនោះមានប្រភេទរង្វាន់ ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងកន្លែងធ្វើការដែលមានភាពល្អប្រសើរ (Best Workpkace Award), សហគរិនដែលមានស្នាដៃឆ្នើម (Entrepreneur Award), ធុរកិច្ចដែលមានស្នាដៃឆ្នើមខាងថែរក្សាឆ្នេរសមុទ្រ (Beach Eco-Label Award) ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា រង្វាន់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ ក្នុងគោលបំណង កកម្ពស់ធុរកិច្ចបៃតង និងគុណភាពសេវាល្អ ដែលជាការពេញចិត្តរបស់ភ្ញៀវ អតិថិជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីចលនាប្រឡងប្រណាំង «រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីសម្រេចបានកម្ពុជា «ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព (Quality Destination)» ៕