(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និង​និស្សិត​ជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិ​បណ្តុះ​បណ្តាលបច្ចេក​ទេស។

ពិធីប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងបាន​ផ្តល់​កិត្តិយស​អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត​ ដែល​បញ្ចប់​​ការសិក្សាពីវិទ្យា​ស្ថាន​​ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងនោះសម្តេចតេជោ ធ្លាប់បាន​អញ្ជើញ​ជាអធិបតីចំនួន​ ៤លើក​​រួច​ហើយ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖

* ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅសល់ ៦៧ថ្ងៃទៀតប៉ុណ្ណោះ ដល់ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះហើយ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីឆ្នាំ១៩៩៦ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស មាននិស្សិតត្រឹមតែជាង ២០០នាក់ប៉ុណ្ណោះ ជាមួយការលំបាករកការងារ ព្រោះប្រទេសជាតិមិនទាន់បញ្ចប់សង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលនោះ ពេលសម្តេចអញ្ជើញទៅខេត្តក្រចេះ សម្តេចបានណែនាំឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលលើការធ្វើទូក។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៨ ដែលមានឈ្មោះដើមថា «មជ្ឈមណ្ឌលព្រះកុសុមៈ» ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានព្រះបរមរតនកោដ្ឋ យកព្រះទ័យទុកដាក់តាំងពីចុងទសវត្សរ៍៥០ តែត្រូវបានបំផ្លាញដោយសារតែសង្គ្រាម។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងអាចចោទជាសំណួរថា បើកម្ពុជាមិនមានសង្គ្រាម តើកម្ពុជាទៅដល់ណាហើយ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្លាក់ចុះនៃភាពរីកចម្រើនរបស់កម្ពុជា ក៏ដោយសារថា ការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ហើយបន្ទាប់មកធ្លាក់ចូលទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺត្រូវបានផ្តួចផ្តើមគិតដោយសម្តេច និងសម្តេចក្រុមព្រះ ក្នុងថ្ងៃសម្តេចការកូន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសមានសារៈសំខាន់ណាស់ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងការទាក់ទាញអ្នកវិនិយោគ។ គ្មានអ្នកបច្ចេកទេស មិនអាចបំពេញតម្រូវការអ្នកវិនិយោគបានឡើយ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គ្មានការវិនិយោគណាឆ្ពោះទៅកាន់ប្រទេសមានសង្គ្រាម និងគ្មានសន្តិភាពនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃស្អែកសម្តេចនឹងជួបក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ហើយសម្តេចនឹងប្រាប់ពួកគេថា មិនត្រូវមើលកម្ពុជា ត្រឹមកម្ពុជា ត្រូវមើលឱ្យហួសពីកម្ពុជា ដោយកម្ពុជា ជាសមាជិក និងជាដៃគូពាណិជ្ជកម្មជាច្រើនជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែកម្ពុជា មានតម្រូវការខ្ពស់ជំនាញវិជ្ជាជីវៈនានានេះហើយ ទើបសម្រេចដាក់ចេញគោលដៅជ្រើសរើសអ្នកក្រីក្របណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រមាណ ១លាន ៥សែននាក់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យបក់ផ្លិតបានរសាត់ទៅឆ្ងាយហើយ ពលរដ្ឋជនបទដាច់ស្រយាលក៏មានអគ្គិសនីប្រើដែរ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទៅថ្ងៃមុខកម្ពុជា អាចមានលទ្ធភាពក្លាយទៅជាប្រទេសចែកចាយគ្រាប់ស្វាយចន្ទីដ៏ខ្លាំងមួយ។ បច្ចុប្បន្នកម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីស្រស់ ១លានតោន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែច្នៃគ្រាប់ស្វាយចន្ទី គឺជាការងារអាទិភាពមួយ ដែលរាជរដ្ឋាភិបាលចង់បាន ហើយខិតខំទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា គោលនយោបាយស្រូវអង្ករ កម្ពុជាវិវឌ្ឍន៍ពីប្រទេសខ្វះស្រូវ ខ្វះអង្ករ ទៅជាប្រទេសសល់ស្រូវ តែកម្ពុជាមិនទាន់ជោគជ័យលើគោលដៅនាំចេញ១លានតោននៅឡើយ គឺបានត្រឹម ៥០ ទៅ ៦០ម៉ឺនតោនប៉ុណ្ណោះ ព្រោះខ្វះរោងម៉ាស៊ីន ឡសម្ងួត និងដើមទុនជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ត្រូវការវិនិយោគលើការកែច្នៃម្ស៉ៅដំឡូងមី ដើម្បីនាំចេញទៅក្រៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅធំរបស់កម្ពុជា គឺទាក់ទាញការវិនិយោគលើឧស្សាហកម្មកែច្នៃលើផលិតផលក្នុងស្រុក និងឧស្សាហកម្មមានបច្ចេកទេសខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ប្រទេសជាតិ មិនអាចនៅទ្រឹងបាននោះឡើយ ហើយសុខសន្តិភាពបានផ្តល់ឱកាសសម្រាប់កិច្ចអភិវឌ្ឍន៍។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព និងស្ថេរភាពនយោបាយ ជាតម្រូវការចាំបាច់សម្រាប់ការវិនិយោគ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនមិនស្តាប់ឪពុកម្តាយ ហែលឆ្លងទឹកភ្នែកឪពុកម្តាយមិនរួចនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៤ ទៅ៥ឆ្នាំ ទៅមុខទៀត គេនឹងយល់ពីមូលហេតុ ដែលនាំឱ្យសម្តេច ឆ្លើយឆ្លងនឹងលោក ស៊ន តារា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ គឺបញ្ចប់នៅឆ្នាំ១៩៩៨ មិនមែនចាប់ផ្តើមនៅឆ្នាំ១៩៩៨ទេ។ នយោបាយឈ្នះឈ្នះនេះត្រូវបានអនុវត្តន៍ ហើយជោគជ័យដំបូងនៅខែកុម្ភៈ ឆ្នាំ១៩៩៦ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបញ្ជាទ័ពរបស់សម្តេច គឺមិនបញ្ជាតែមួយខ្សែនោះឡើយ គឺបញ្ជាច្រើនខ្សែ។

* សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីថា បេសកកម្មអ៊ុនតាក់ មិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១នោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធានាអាយុជីវិត តួនាទី និងកម្មសិទ្ធិអចលនទ្រព្យ ជាលក្ខខណ្ឌនាំឱ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា របាំសួយ អាចនឹងផុតពូជ បើកម្ពុជារកមិនឃើញការឯកភាពជាតិនាឆ្នាំ១៩៩៨ទេនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលមិនយូរទេ កម្ពុជានឹងចាកចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប។ កម្ពុជា នឹងបាត់បង់ការទទួលបានអត្រាការប្រាក់អនុគ្រោះ ពីកម្ចីអង្គការអភិវឌ្ឍន៍។ ប៉ុន្តែកម្ពុជានឹងបន្តស្នើឱ្យមានការអនុគ្រោះបន្តដល់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរក្រុមកីឡាករបាល់ទះជម្រើសជាតិ របស់កម្ពុជា ដែលបានយកឈ្នះលើកីឡាករបារាំង។ សម្តេចតេជោ បានថ្លែងថា នេះជារឿងដ៏រីករាយ និងមោទនភាព។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមកីឡាករបាល់ទះរបស់កម្ពុជាថា ត្រូវយកស្មារតីជាក្រុម កុំមានជំងឺតួឯក។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺជាអ្នកលើកបាល់ស្អាតជូនសម្តេចគប់។

* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងប៉ារីស ល្មមៗបានហើយ។ តើនយោបាយឈ្នះ-ឈ្នះ និងការកាត់ទោសខ្មែរក្រហម មានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរឬទេ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនពឹងប្រជាប្រិយភាពរបស់នរណា មកតម្កើងប្រជាប្រិយភាពសម្តេចនោះឡើយ គឺប្រឹងងើបឈរដោយខ្លួនឯងតាំងពីនៅក្មេងវត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះ នឹងប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃការបង្កើតកងកម្លាំងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៣៩នាទី, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញព័ត៌មានទូរទស្សន៍ Fresh News៕