(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
ពិធីប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វា។ បើតាមលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិតបច្ចេកទេស និងនិស្សិត ដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងនោះសម្តេចតេជោ ធ្លាប់បានអញ្ជើញជាអធិបតីចំនួន ៤លើករួចហើយ។
លោក អ៉ិត សំហេង បានឱ្យដឹងថា គរុនិស្សិតបច្ចេកទេសរួមមានកម្រិតមូលដ្ឋាន កម្រិតឧត្តម និងនិស្សិតបច្ចេកវិទ្យាសរុបចំនួន ៥,៤៥០នាក់ ស្រី ៤២៧នាក់។ ក្នុងនោះគរុនិស្សិត និងនិស្សិតមានពិការភាពចំនួន ៩នាក់ជាបុរស និងនិស្សិតអាហារូបករណ៍សម្តេចតេជោនាយករដ្ឋមន្ត្រីចំនួន២៩នាក់ ក្នុងចំណោម ១៧០នាក់។
លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកឱ្យថា វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៨ ដែលមានឈ្មោះថា «មជ្ឈមណ្ឌលព្រះកុសុមៈ»។ ប៉ុន្តែមជ្ឈមណ្ឌលនេះ ត្រូវបានផ្អាកដំណើរការក្នុងរបបប្រល័យពូជសាស្ត្រ ប៉ុល ពត និងត្រូវបានដំណើរឡើងវិញ នៅឆ្នាំ១៩៨១ និងត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់។
វិទ្យាស្ថាននេះ បានផ្ទេរពីក្រសួងអប់រំ យុវជន និងកីឡា មកក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឈ្មោះថា «វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស»។ វិទ្យាស្ថាននេះ មានភារកិច្ចស្នូលចំនួន២ គឺបណ្តុះបណ្តាលគរុនិស្សិតបច្ចេកទេ សសម្រាប់ធ្វើជាគ្រូបច្ចេក ទេសបម្រើការងារនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីរយៈពេលខ្លី រហូតដល់រយៈពេលវែង ទាំងនិស្សិតអាហារូបករណ៍របស់រដ្ឋ និងនិស្សិតបង់ថ្លៃសិក្សា។
លោករដ្ឋមន្ត្រី បានឱ្យដឹងដែរថា វិទ្យាស្ថាននេះ មានគណៈគ្រប់គ្រងសាស្រ្តាចារ្យ និងបុគ្គលិកខ្មែរ-បរទេស ជាប់កិច្ចសន្យា សរុបចំនួន ២៥៨នាក់ ស្រី ៦៤នាក់។ ក្នុងនោះមានកម្រិតថ្នាក់បណ្ឌិតចំនួន ០៩នាក់ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០៨នាក់ ស្រី ១៨នាក់ កម្រិតថ្នាក់បរិញ្ញាបត្រ/វិស្វករចំនួន ៨៤នាក់ ស្រី ២៨នាក់ កម្រិតក្រោមបរិញ្ញាបត្រចំនួន ៥៧នាក់ ស្រី ១៨នាក់។
បើតាមលោក អ៉ិត សំហេង ចាប់តាំងពីឆ្នាំ២០០១ ដល់បច្ចុប្បន្ន វិទ្យាស្ថាន បានបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត គរុនិស្សិត សរុបប្រមាណ ១៨,៤៩៦នាក់ ស្រី ២,២១៨នាក់។ ក្នុងនោះបញ្ចប់ការសិក្សាចំនួន ១៤,២៧០នាក់ ស្រី ១,៧៥២នាក់ និងកំពុងសិក្សាសរុប ៤,២២៦នាក់ ស្រី ៤៦៦នាក់។ នៅវិទ្យាស្ថាននេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោចំនួន ១៧០នាក់ ក្នុងនោះបានបញ្ចប់ការសិក្សាចំនួន ៨០នាក់ និងកំពុងបន្តការសិក្សា ៩០នាក់។
គរុនិស្សិតដែលបានបញ្ចប់ការសិក្សា ក្រសួងបានចាត់តាំងឱ្យបម្រើការងារនៅតាមគ្រឹះស្ថានសិក្សានានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការបណ្តុះបណ្តាលពីវិទ្យាស្ថាន ទទួលបានការងារធ្វើ ១០០ភាគរយ ដែលក្នុងនោះ មាន៩២ភាគរយចេញធ្វើការ និង៨ភាគរយទៀត បន្តការសិក្សា ឬបង្កើតមុខរបរដោយខ្លួនឯង។ ក្រៅពីនេះ វិទ្យាស្ថាន ក៏ទទួលបានវិញ្ញាបនបត្រស្តង់ដាអន្តរជាតិ ISO 9001:2015 ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរនៃការវាយតម្លៃការធានាគុណភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕