(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប បានអំពាវនាវដល់ពលរដ្ឋទាំងអស់ក្នុងទូទាំងខេត្តកែប សូមកុំជឿតាមឧបាយកលរបស់ជនខិលខូចមួយចំនួន ដែលតែងតែសន្យាខ្យល់។

លើសពីនោះទៀត លោកក៏សូមឲ្យត្រៀមខ្លួន ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោជាប្រធានគណបក្ស និងបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តទៀត ដើម្បីទទួលបានការអភិវឌ្ឍន៍ និងសន្តិភាពជានិច្ចនិរន្តរ៍។

ការថ្លែងអំពាវនាវបែបនេះ ខណៈលោកអភិបាលខេត្ត សោម ពិសិដ្ឋ បានដឹកនាំលោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ជួបសំណេះសំណាល និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រមាណ ១១៥គ្រួសារ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សោម ពិសិដ្ឋ ក៏បានបន្ថែមទៀតថា បច្ចុប្បន្នប្រទេសយើងកំពុងទទួលបាននូវសុខសន្តិភាព ព្រមជាមួយនូវការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ឥតឈប់ឈរ លើគ្រប់វិស័យ គ្រប់មូលដ្ឋាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីការគោរពស្រលាញ់ គាំទ្រពីសំណាក់ប្រជាពលរដ្ឋលើសលប់។

នាឱកាសនោះដែរ លោក សោម ពិសិដ្ឋ ក៏បានចែកជូននូវអំណោយដល់ប្រជាពលរដ្ឋទាំង១១៥គ្រួសារ រួមមាន៖ អង្ករ ២០គីឡូក្រាម និងថវិកាមួយចំនួន៕