(កំពង់ស្ពឺ)៖ លោក តូច យ៉ាន អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានស្តីទីក្រុមការងារចុះជួយឃុំត្រពាំងជោ តំណាងលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៤ឃុំ នៅព្រឹកថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញអធិបតីភាពប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងយុវជនគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០២២ ចំនួន១៨៨នាក់ ស្រីចំនួន៩៥នាក់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ទន្ទឹមជាមួយគ្នានោះ លោក តូច យ៉ាន បានលើកឡើងថា រយៈពេល៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឈរលើមូលដ្ឋាននេះបានបង្ហាញច្បាស់ អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងនៃកម្ពុជា ក្នុងដំណើរឈានទៅមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, ដោយការចូលរួមយ៉ាងផុសផុលរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។
លោកបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយ ត្រូវបានថែរក្សាយ៉ាងគត់មត់, លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យ ការពារបាននូវអាយុជីវិតប្រជាជនដែលជាសមិទ្ធផលធំជាប្រវត្តិសាស្ត្រ ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានសម្រេចលទ្ធផលថ្មីៗថែមទៀត រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះ កិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ។
សូមបញ្ជាក់ផងដែរថា ពិធីប្រកាសបញ្ចូលគណបក្សប្រជាជនជិត២០០នាក់នេះ ធ្វើឡើងនៅមន្ទីរគណបក្សឃុំត្រពាំងជោ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។ ជាមួយគ្នានោះដែរ លោក តូច យ៉ាន ក៏បានចូលរួមសួរសុខទុក្ខក្រុមការងារ និងបានឧបត្ថម្ភជាសារ៉ុង និងក្រមា និងថវិកាបន្តិចបន្តួចជូនដល់សមាជិកទាំងអស់ ដើម្បីធ្វើជាសោហ៊ុយធ្វើដំណើរត្រឡប់ទៅគេហដ្ឋានវិញផងដែរ៕