(ភ្នំពេញ)៖ នៅថ្ងៃនេះយើងសង្កេតឃើញថា Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីចំពោះ ទឹកចិត្តសណ្តោន អាណិតស្រឡាញ់ដែលសម្តេចបានផ្តល់ដល់លោកតា ពុត សឿន អាយុ៨៩ឆ្នាំ ដែលមកធាក់ស៊ីក្លូនៅភ្នំពេញដើម្បីរកលុយចិញ្ចឹមជីវិត និងបំណងប្រាថ្នាចង់សុំថវិកា១០០០ដុល្លារ ពីសម្តេចតេជោ ដើម្បីសង់ផ្ទះសម្រាប់រស់នៅកំដរជីវិតចុងក្រោយ ប្រសិនបើលោកតា មានវាសនាបានជួបសម្តេច។ មានអ្នកលេង Facebook ជាច្រើនបាន Shared នៅពាសពេញ បណ្តាញសង្គម ដើម្បីអោយដំណឹងនេះបានឮដល់សម្តេចតេជោ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យសុបិន្តលោកតាអាយុ៨៩ឆ្នាំបានក្លាយជាការពិតដោយ បានផ្តល់នូវក្តីគោរពស្រឡាញ់ស្មោះពីបេះដូង និងភាពកក់ក្តៅបំផុតដល់លោកតា ពុត សឿន។ នៅព្រឹក មិញនេះ សម្តេចតេជោបានអញ្ជើញលោកតាមកជួបសំណេះសំណាលនៅគេហដ្ឋានសម្តេចផ្ទាល់ ព្រមទាំងបានសុំលោកតាធ្វើជាឪពុកធម៌ទៀតផង។ សកម្មភាពសណ្តោសគោរពស្រឡាញ់របស់សម្តេចតេជោ ចំពោះលោកតាអាយុ ៨៩ឆ្នាំ គឺបានឆក់បេះដូងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស រួមទាំងជនបរទេសផងដែរដែលរំភើប ក្តុកក្តួល និងមួយចំនួនបានធ្លាក់ទឹកភ្នែក ដោយមិនដឹងខ្លួនពេលបានឃើញរូបភាពផ្សាយផ្ទាល់លើ Facebook សម្តេច។ ក្រៅពីសម្តេចតេជោបានសុំលោកតាធ្វើជាឪពុកធម៌ គឺសម្តេចបានទទួលចិញ្ចឹមលោកតាអស់មួយជីវិត ហើយនឹងសាងសង់ផ្ទះ១ខ្នងជូនលោកតាថែមទៀត ដើម្បីបានរស់នៅសុខស្រួលសម្រាប់ជីវិតចុងក្រោយ។ ភាគច្រើននៃពលរដ្ឋដែលបានមើលការផ្សាយផ្ទាល់ ១៣០០០នាក់ មានអារម្មណ៌ក្តុកក្តួល រំភើប និងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនចំពោះសំណាងរបស់លោកតា និងទឹកចិត្តសប្បុរសរបស់សម្តេចតេជោ។
ចាប់តាំងពីសម្តេចបានប្រើប្រាស់ Facebook និងបាន Posted អត្ថបទនិង Video ជាច្រើនកន្លងមកនេះ គឺ Video មួយនេះទទួលបាន Comments 9.4K និងទទួលបាន Likes 74K មកទល់ម៉ោង 7:51PM ព្រលប់នេះ។ ចំនួន Likes និងComments ពីសាធារណៈជនថ្ងៃនេះគឺបានបំបែក ឯតគ្គទកម្មដែលមិនធ្លាប់មានពីមុនក្នុងរយៈពេល៩ម៉ោង។
នេះសរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋគោរពស្រឡាញ់សម្តេចតេជោ ដែលតែងតែមានព្រហ្មវិហារធម៌ និងសេចក្តីអាណិតស្រឡាញ់ចំពោះប្រជាពលរដ្ឋរបស់សម្តេច ។ សម្តេចតេជោ គឺជាប្រមុខដឹកនាំ ដែលតែងតែផ្តល់នូវក្តីសង្ឃឹមដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕