(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបរិវេណទីស្នាក់ការគណបក្សសង្កាត់ព្រែកកំពឹស លោក រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា។

ពិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីរួមមាន៖ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក ជុំ ឈាង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ និងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោកក្រុមការងារ អមដំណើរ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានក្រុមបក្ស យុវជន ស.ស.យ.ក សង្កាត់ និងលោកគ្រូ អ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាពសង្កាត់ ព្រមទាំងសកម្មជន យុវជន គណបក្ស សរុបរួមមានចំនួន ៥៨៤នាក់។

នាឱកាសនោះ លោក រ័ត្ន ស៊្រាង ក៏បានធ្វើការផ្សព្វផ្សាយពីខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា និងខ្លឹមសាររបាយការណ៍ពាក់ព័ន្ធផ្សេងទៀត ជូនដល់អង្គពិធីផងដែរ។

ជាងនេះទៅទៀត លោក រ័ត្ន ស៊្រាង ក៏បានគូសបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស បានគ្រប់គ្រងនូវស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ លោក ក៏បានរំលេចបន្ថែម អំពីគោលនយោបាយរបស់គណបក្ស ដែលប្រកាន់យកការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនជាធំ។

សមាជិក សមាជិកា ដែលបានចូលរួមទាំងអស់ បានយល់ជ្រួតជ្រាប និងសម្តែងការអបអរសាទរ គាំទ្រពេញទំហឹង ចំពោះការសម្រេច ដែលមាននៅក្នុងខ្លឹមសារ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា។

ដូចទម្លាប់សព្វដងផងដែរ រាល់ពេលមានកម្មវិធីចុះមូលដ្ឋាន លោក រ័ត្ន ស៊្រាង បាននាំយកនូវ អាហារសម្រន់ និងទឹកសុទ្ធ ចែកជូនសមាជិកចូលរួមទាំងអស់ បរិភោគរួមគ្នា ប្រកបដោយមនោសញ្ចេតនាយ៉ាងស្និទ្ធស្នាល។

លោក រ័ត្ន ស្រ៊ាង ក៏បានឧបត្ថម្ភថវិកាដល់សមាជិកយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹស និងលោកគ្រូ អ្នកគ្រូ បុគ្គលិកមណ្ឌលសុខភាពសង្កាត់ ព្រមទាំងសកម្មជន យុវជន គណបក្ស ក៏ដូចជាកម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ដែលបានចូលរួមមានវត្តមាននាពេលនោះ៕