(កណ្ដាល)៖ លោក គង់ វិបុល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានអគ្គនាយកដ្ឋានពន្ធដារ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ដោយមានការចូលរួម ពីលោក-លោកស្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម លោក-លោកស្រីប្រធាន-អនុប្រធានគណៈកម្មាធិការគណបក្សស្រុក-ឃុំ និងលោក-លោកស្រីសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក-ឃុំ ព្រមទាំងមន្ត្រីថ្នាក់ក្រោមជាតិពាក់ព័ន្ធសរុបប្រមាណ ៣០០ នាក់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលរួមក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកល្វាឯម ខេត្តកណ្តាល។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីថ្ងៃនេះ គឺមានគោលដៅដើម្បី ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ (ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ដែលមានសមាជិកចូលរួមសរុបចំនួន ៣៥៥៨រូប។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសេចក្តីសម្រេចសំខាន់នៃមហាសន្និបាត ដែលខ្លឹមសារដូចខាងក្រោម៖
១៖ ផ្សព្វផ្សាយបន្តអំពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាជូនដល់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សចុះមូលដ្ឋាន រាល់អង្គការចាត់តាំងគណបក្សគ្រប់ សមាជិក-សមាជិកាគណបក្សទាំងមូល
២៖ ការបន្តកសាងពង្រឹងគណបក្សឲ្យកាន់តែរឹងមាំ ស្អាតស្អំលើគ្រប់ផ្នែក និងបន្តអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

មតិផ្តាំផ្ញើ និងប្រសាសន៍សំខាន់ៗរបស់លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖
* សម្រាប់ការបោះឆ្នោតដែលខិតជិតមកដល់ ក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវអនុវត្តអោយបានល្អ នូវសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល និងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ដោយយកចិត្តទុកដាក់ ការងារជាអាទិភាព៖ (១) ការងារគ្រប់គ្រងសមាជិកបក្ស៖ រក្សាចាស់ បង្កើនថ្មី (២) ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស(៣) ការងារស្រាវជ្រាវច្បាប់៖ ស្រាវជ្រាវ ស្វែងយល់ បំពាក់បំប៉ន ផ្សព្វផ្សាយអំពីខ្លឹមសារសំខាន់ៗ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបទបញ្ជា នីតិវិធី នៃការបោះឆ្នោតរបស់គ.ជ.ប (៤) អំពីភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោត៖ ត្រូវបន្តប្រើប្រាស់ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ជាតិ ដែលបានជ្រើសរើស និងបណ្ដុះបណ្ដាលហើយនៅពេលបោះឆ្នោតឆ្នាំ២០២២ ឬអាចកែសម្រួលផ្លាស់ប្ដូរតាមការចាំបាច់

* គណបក្សឃុំភូមិត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ មណ្ឌលសកម្មភាពបក្ស ក្រុមបក្ស ក្រុមសកម្មជន និងរបៀបរបបធ្វើការច្បាស់លាស់ ទើបធានាបាននូវកម្លាំងប្រយុទ្ធ និងមានប្រសិទ្ធភាពក្នុងការអនុវត្តរាល់គោលការណ៍ គោលនយោបាយរបស់គណបក្ស

* គណបក្សស្រុក-ឃុំ-ភូមិក្នុងស្រុកល្វាឯមត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេសសមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឲ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេច នៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ

* គណបក្សស្រុក-ឃុំ-ភូមិត្រូវផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស ដើម្បីឈ្នះឆ្នោត
* រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ត្រូវពង្រឹងការអនុវត្ត ប្រកបដោយតម្លាភាព និងកុំប្រកាន់បក្សពួក ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី ដើម្បីធានានូវប្រសិទ្ធភាព សុចរិតភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តកម្មវិធីជំនួយសង្គមខាងលើ

* លើកកម្ពស់ និងពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ផ្តល់សេវាឆាប់រហ័ស ទាន់ពេលវេលា ព្រមទាំងយកចិត្តទុកដាក់ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងការគ្រប់គ្រងឆ្លើយតប ចំពោះគ្រោះមហន្តរាយជំងឺកូវីដ-១៩ និងជំងឺឆ្លងរាតត្បាតនានា នៅតាមមូលដ្ឋាននីមួយៗ

* គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមក្នុងសង្គម៖ ត្រូវបង្កើនវិធានការអប់រំ ដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងត្រូវរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមដងផ្លូវសាធារណៈ តាមទីក្រុង ទីប្រជុំជន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍

* បន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន

* ក្នុងរយៈពេល២-៣ ឆ្នាំចុងក្រោយនេះ ការផលិត និងការចរាចរជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មានការកើនឡើងគួរឲ្យព្រួយបារម្ភ ខ្ញុំសូមជំរុញលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានចូលរួមអប់រំ ទប់ស្កាត់ និងបង្ក្រាបរាល់ការលួចកែច្នៃផលិត ការប្រើប្រាស់ និងចរាចរគ្រឿងញៀនខុសច្បាប់ និងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីប្រតិភូអបនាយករដ្ឋមន្ត្រីក៏បានបន្តដឹកនាំក្រុមការងារបច្ចេកទេស ដើម្បីចុះត្រួតពិនិត្យនិងជំរុញការសាងសង់អគារគណបក្សស្រុកល្វាឯមថ្មី នៅទីតាំងការដ្ឋានសាងសង់ និងបានជំរុញឲ្យក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនពាក់ព័ន្ធបន្តជំរុញនិងពន្លឿនការងារសាងសង់ឲ្យបានឆាប់រហ័ស និងប្រកបដោយគុណភាពខ្ពស់៕