(ព្រះវិហារ)៖ លោក ច័ន្ទ សុភ័ក្ត្រា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងប្រធានក្រុមការងារខេត្តចុះជួយស្រុកឆែប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារ និងសមាជិក សមាជិកាបក្សទូទាំងស្រុក។

ក្នុងឱកាស លោក ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលធំធេងជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបានបន្តទៀតថា រាជរដ្ឋភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើនទាំងកិច្ចការបរទេស កំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ពាណិជ្ជកម្ម វិស័យការងារ សុខុមាលភាពសាធារណៈ ជាពិសេសការគ្រប់គ្រងបានវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។

លោកបានស្នើឱ្យសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាទូទាំងស្រុកឆែប ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ច ត្រូវគោរពស្រលាញ់គ្នាឱ្យបានច្រើន ពិសេសត្រូវបន្តចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះពួកគាត់។

លោក ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងប្រាប់សមាជិក សមាជិកា បក្ស ពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសភាជាតិអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបន្តគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ និងការអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ នៃរដ្ឋសភា។

លោកប្រធានក្រុមការងារ ក៏បានថ្លែងណែនាំដល់សមាជិក សមាជិកា គណបក្សទាំងអស់ត្រូវអនុវត្តន៍ការងារចាំបាច់មួយចំនួនដូចខាងក្រោម៖

* ត្រូវបង្កើនការងារអប់រំ នយោបាយ សតិអារម្មណ៍ ដើម្បីសមាជិកបក្សក៏ដូចជាប្រជាពលរដ្ឋមានជំនឿជឿជាក់លើថ្នាក់ដឹកនាំគណបក្ស
* បន្តកសាង ពង្រឹងអង្គការចាត់តាំងបក្សគ្រប់លំដាប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ និងមានសមត្ថភាពអនុវត្តបានល្អនូវតួនាទី ភារកិច្ច សិទ្ធនិងរបៀបរបបការងាររបស់ខ្លួន
* ពង្រីកប្រជាធិបតេយ្យផ្ទៃក្នុង ក្នុងការប្រកាប់ភ្ជាប់គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ពង្រឹងចាស់ កសាងថ្មី
* គ្រប់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវប្រមូលផ្តុំចុះមូលដ្ឋាន និងជួយមូលដ្ឋានឱ្យបានជាក់ស្តែង
* ពង្រឹងការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជន បង្កើតការងារចលនាមហាជនឱ្យបានខ្លាំងក្លានឹងគ្រប់ស្រទាប់មហាជន គ្រប់មជ្ឈដ្ឋានក្នុងសង្គម
* ក្តាប់ជាប់សារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣ ដើម្បីធានារក្សាភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា
* រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាពដែលកត្តាចំបងមួយឆ្ពោះទៅរកជ័យជំនៈក្នុងការបោះឆ្នោតក៏ដូចជាការសម្រេចភារកិច្ចជូនជាតិនិងប្រជាជន៕