(កោះកុង)៖ សមាជិកចលនាមាតាធម្មជាតិ ៣នាក់ ដែលកន្លងមកធ្លាប់បានចេញមុខប្រឆាំងនឹងការបូមខ្សាច់នៅខេត្តកោះកុង ត្រូវបានតុលាការខេត្តនេះដោះលែង នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនអស់រយៈពេលជាង១០ខែ។ នេះបើតាមការផ្សព្វផ្សាយ របស់អង្គការលីកាដូនៅថ្ងៃនេះ។
សកម្មជនបរិស្ថានទាំងនោះរួមមានឈ្មោះ លោក ទ្រី សុវិគា អាយុ២៦ឆ្នាំ លោក សាន់ ម៉ាឡា អាយុ២៤ឆ្នាំ និងលោក ស៊ីម សំណាង អាយុ២៩ឆ្នាំ ដែលពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីធ្វើយុទ្ធនាការប្រឆាំងនឹងការបូមខ្សាច់របស់ក្រុមហ៊ុននៅខេត្តកោះកុង ដែលអាជ្ញាធរអះអាងថាមានច្បាប់អនុញ្ញាត។
បើតាមអង្គការលីកាដូ សកម្មជនបរិស្ថានទាំងនោះ ត្រូវបានតុលាការខេត្តកោះកុងជំនុំជម្រះនៅថ្ងៃទី១ ខែកក្កដានេះ ដោយសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគា១៨ខែ ប៉ុន្តែដោយការជាប់ឃុំបណ្តោះអាសន្នរង់ចាំសវនាការអស់រយៈពេល ១០ខែ និង ១៥ថ្ងៃរបស់អ្នកទាំងនោះ ត្រូវបានតុលាការចាត់ទុកថាជាទោសដែលបានអនុវត្តរួច ហើយទោសដែលនូវសល់ត្រូវបានព្យួរ។
អ្នកទាំងបី ត្រូវបានផ្តន្ទាទោសដោយចៅក្រមលោក មិន មករា ពីបទផ្តើមគំនិតគម្រាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់មកនូវបញ្ជាអ្វីមួយ ដោយយោងទៅតាមមាត្រា ២៨និងមាត្រា ៤២៤ នៃក្រមព្រហ្មទណ្ឌ។ ទោះជាយ៉ាងណា បន្ថែមលើការផ្តន្ទាទោសជាប់ពន្ធនាគារ អ្នកទាំងបីត្រូវបានតុលាការបង្គាប់ឲ្យបង់ពិន័យជាទឹកប្រាក់ចំនួន ២លានរៀល និងបង្គាប់ឲ្យសងសំណងការខូចខាតរួមគ្នាចំនួន ១០០លានរៀលផងដែរ៕