(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានថ្លែងថា វិស័យព្រះពុទ្ធសាសនាកំពុងតែរីកចម្រើនគ្រប់តំបន់ ដោយកត្តាជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

លោក ឃឹង នុភាព ថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីបុណ្យឆ្លងសមិទ្ធផលនានានៅនិវេសនដ្ឋាន អ៊ុន នឹង ភ្នំបារៀង ស្ថិតនៅភូមិកកូរ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ជា ថា មេឃុំគោល បានឱ្យដឹងថា ភ្នំបារៀង ជាទីតាំងប្រាសាទចាស់ពីបុរាណ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋ។ ដោយសារសង្គ្រាមជាមួយសៀម ពួកសៀមបានវាយបំផ្លាញបាក់ទ្រុឌទ្រោមស្ទើរទាំងស្រុង ហើយវត្ថុបុរាណដ៏មានតម្លៃជាច្រើន ត្រូវពួកសៀម ប្រមូលយកទៅប្រទេសវាអស់ សល់តែប្រាសាទបាក់បែក រហូតមកដល់ជំនាន់អាណានិគមនិយមបារាំង។ លុះឆ្នាំ១៩៩៩ លោកគ្រូ ប៊ុន ចាន់លីឡា និងភរិយា ព្រមទាំសប្បុរសជន ពុទ្ធបរិស័ទ បានសាងសង់ព្រះពុទ្ធអង្គធំមួយអង្គកំពស់១២ម៉ែត្រ សប្បុរសជនជិតឆ្ងាយបានរួមគ្នាធ្វើផ្លូវពីរខ្សែ ទី១កាំជណ្តើរ ២៥០កាំ ពីជើងភ្នំឡើងដល់កំពូលភ្នំ ខ្សែទី២ចាប់ពីជើងភ្នំខាងកើតដល់កំពូលភ្នំ ជាផ្លូវក្រាលគ្រួសក្រហម។ បច្ចុប្បន្នសមិទ្ធផលសំខាន់ៗនៅភ្នំបារៀងដែលនៅសល់ពីបុរាណ និងកសាងថ្មីមានដូចជា៖ សាលា កុដិសរុបចំនួន ៨ខ្នង កុដិទើបសាងសង់ថ្មីមានប្រវែង១២ម៉ែត្រ គុណ៧ម៉ែត្រ ស្មើនឹង០៧បន្ទប់ ចំណាយអស់ថវិកា ចំនួន៣៧,០០០ដុល្លាសហរដ្ឋអាមេរិក។

លោក ឃឹង នុភាព បានថ្លែងថា វិស័យព្រះពុទ្ធសាសនា កំពុងតែរីកចម្រើនគ្រប់តំបន់ក្នុងមូលដ្ឋាន ដោយកត្តាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានខិតខំបង្កបង្កើនផលដោយពុំទំនេរនោះឡើយ។ ប្រជាពលរដ្ឋទាំងអស់ត្រូវតែជឿជាក់លើព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធសាសនាបានអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ ចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ស្គាល់ពីកម្មនិងផល។ ជាពិសេសឪពុកម្ដាយ និងអាណាព្យាបាល ត្រូវតែអប់រំកូនចៅឲ្យស្គាល់ពីពុទ្ធចក្រនិងអាណាចក្រ ចូលរួមការពារសុខសន្តិភាពជូនប្រទេសជាតិឲ្យមានការរីកចម្រើនជានិរន្តរ៍។

លោកក៏បានស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងការការពារសុវត្ថិភាពជូនដល់ពួកគាត់នៅក្នុងមូលដ្ឋាន។ លោកក៏ស្នើឪពុកម្ដាយសិស្សគ្រប់រូប ត្រូវតែបញ្ជូនកូនឲ្យមកចូលសាលារៀន លោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ក្នុងការបង្រៀនកូនចៅឲ្យបានទៀងទាត់ ដើម្បីទទួលបានចំណេះដឹងជំនាញ ដើម្បីយកមកប្រើប្រាស់ នៅក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

លោក ឃឹង នុភាព បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវតែគោរពព្រះពុទ្ធសាសនា ព្រោះសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ចូលរួមថែរក្សាសមិទ្ធផលនានា ដែលបានកសាងរួចថ្មីៗកន្លងមកនេះ ដើម្បីទុកមរតកក្មេងជំនាន់ក្រោយឲ្យចេះប្រតិបត្តិ និងគោរពតាមព្រះពុទ្ធសាសនា៕