(កំពង់ឆ្នាំង)៖ ប្រធានរដ្ឋបាលព្រៃឈើ បានចេញវីដេអូបកស្រាយ ជុំវិញការចុះហាមឃាត់ និងចាប់សត្វក្ងោក នៅខេត្តកំពង់ឆ្នាំង ដោយសារថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសាធារណជនជាច្រើន មានការងឿងឆ្ងល់អំពីសកម្មភាពចុះបង្រ្កាប និងចាប់យកសត្វក្ងោកពីលោក យឹម សំអឿន នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលព្រៃឈើ បានអះអាងថា ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនការចុះអនុវត្តនីមួយៗ ដោយជាលទ្ធផលបញ្ជាក់ថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរស័ព្ទ និងមានភស្តុតាងដ៏ទៃទៀត។ ក្នុងហ្វេសបុករបស់លោក យឹម សំអឿន បានបង្ហោះលក់សត្វក្ងោក និងមានដាក់លេខទូរស័ព្ទទំនាក់ទំនងថែមទៀតផង។

សូមបញ្ជាក់ផងដែរថា សត្វព្រៃជាមរតកធម្មជាតិរបស់ដូនតាយើង ដែលបន្សល់ទុកសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយ។

សត្វព្រៃនៅក្នុងប្រទេសកម្ពុជា ចែកចេញជាបីក្រុម៖ ក្រុមទី១ ក្រុមប្រភេទជិតផុតពូជ ដូចជាគោព្រៃ ដំរី ខ្លាដំបង រមាំង ត្រយងយក្ស ទាព្រៃស្លាបស, ក្រុមទី២ ក្រុមប្រភេទមានដោយកម្រ ដូចជា ខ្ទីង ទន្សោង ខ្លាឃ្មុំតូច ទោច ក្រៀល ក្ងោក សេកសោម, និង ក្រុមទី៣ ក្រុមប្រភេទមានដោយបង្គួរ ដូចជា ជ្រូកព្រៃ ឈ្លូស ទន្សាយ សំពោច កុក មាន់ព្រៃ ទោម ប្រវឹក សារិកាកែវ ត្រចៀកកាំ។

សេចក្ដីស្រទ្បាញ់ចំពោះសត្វព្រៃ អាចឆ្លុះបញ្ចាំងបានតាមរយៈការចូលរួមថែរក្សា អភិរក្ស ការពារសត្វព្រៃដែលរស់នៅក្នុងព្រៃដោយសុវត្ថិភាព។ ការមានទស្សនៈ ស្រឡាញ់សត្វព្រៃដោយសកម្មភាពបរបាញ់ ដាក់អន្ទាក់ ចាប់យកមេបា ពង កូនសត្វពីព្រៃ ជាទង្វើមួយឈានទៅរកការវិនាសហិនហោចសត្វព្រៃ ពិសេសប្រភេទសត្វព្រៃជិតផុតពូជ ឬមានដោយកម្រ និងជាអំពើល្មើសច្បាប់។

ច្បាប់បានអនុញ្ញាតឲ្យមានការចិញ្ចឹមប្រភេទសត្វព្រៃលក្ខណៈគ្រួសារតែក្នុងក្រុមមានដោយបង្គួរ ព្រោះវាមានភាពសំបូរ និងប៉ះពាល់តិចតួចទៅដល់ចំនួនសត្វព្រៃនៅក្នុងធម្មជាតិ។ ករណីមានចម្ងល់បន្ថែម រដ្ឋបាលព្រៃឈើ សូមស្វាគមន៍ចំពោះមតិ យោបល់និងត្រៀមឆ្លើយតបនៅសំណួរនានា។ លេខទំនាក់ទំនង ០១២២២៣៧១៥ ឬ ០៧៧៨២៧០៦៣៕

ខាងក្រោមនេះ ជាវីដេអូបកស្រាយ របស់រដ្ឋបាលព្រៃឈើ៖