(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យដែលជាសកម្មជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅសាលប្រជុំធំវិមាន៧មករា នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួន១,៥៤០នាក់។

ក្នុងជំនួបនេះ លោក ហ៊ុន ម៉ានី បាននាំនូវការផ្ដាំផ្ញើនូវក្ដីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្ដេចប្រធាន សម្តេចប្រធានកិត្តិយស ព្រមទាំងសម្ដេច និងអនុប្រធានគណបក្ស ជូនចំពោះសកម្មជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក៏ដូចជាការថ្លែងអំណរចំពោះការចូលរួមយ៉ាងសកម្មក្នុងការងារគណបក្សកន្លងមក។

លោកបានបន្តថា សកម្មជនគណបក្ស គឺជាភ្នាក់ងារដ៏សំខាន់ក្នុងការបង្ហាញពីសមិទ្ធផលធំៗ ដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងកសាងជំនឿទុកចិត្តបន្ថែមពីសំណាក់ប្រជាពលរដ្ឋឱ្យមកគាំទ្រគណបក្សកាន់តែច្រើនឡើង។

លោក ហ៊ុន ម៉ានី បានរំលេចអំពីតួនាទីចំពោះមុខរបស់សកម្មជនគណបក្សក្នុងការបន្តគៀរគរការគាំទ្រគណបក្ស បង្ហាញពីគម្រូល្អ ក្នុងនាមជាមន្រ្តីគណបក្ស ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនដើម្បីទទួលបានសមានចិត្តពីប្រជាពលរដ្ឋទូទៅដែលជាកត្តាកំណត់ជ័យជំនះជូនគណបក្សនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ខាងមុខនេះ៕