(បាត់ដំបង)៖ ប្រជាពលរដ្ឋចំនួន ៧០គ្រួសារ នៅឃុំហប់ និងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត ព្រោះមានតែគណបក្សប្រជាជនទេ ជាអ្នកមានគុណពិតប្រាកដ ក្នុងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដល់ប្រទេសជាតិ។ ជាពិសេសការយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងពួកគាត់បានទទួលការចាក់វ៉ាក់សាំងរហូតដល់ ៤ដូសគ្រប់ៗគ្នា ដើម្បីការពារការឆ្លងមេរោគកូវីដ១៩។

ការថ្លែងប្តេជ្ញាបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានលើកឡើងអំពីគុណូបការៈ និងសមិទ្ធផលដ៏មហាធំធេងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពេលលោកអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ និងចាស់ជរា ក្នុងឃុំហប់ និងឃុំដូនបា ក្នុងស្រុកគាស់ក្រឡ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លើសពីនេះទៅទៀត ពួកគាត់មានអារម្មណ៍កក់ក្តៅ ដោយក្រុមការងារដឹកនាំដោយលោក ប៊ុន ហុន និងលោក ឡាំ ជា តែងតែចុះមកដល់មូលដ្ឋានជាប្រចាំ ដើម្បីស្វែងយល់អំពីតម្រូវការ និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយបានសហការជាមួយអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហានានាជូនពួកគាត់ទាន់ពេលវេលា។ ដូច្នេះ ពួកគាត់ពុំមានអ្វីតបស្នងសងគុណដល់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា សម្តេចក្រឡាហោម ស ខេង ទេ ក្រៅអំពីការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព ការអភិវឌ្ឍ និងភាពសុខដុមរមនានៅកម្ពុជាយើង។

ជាកិច្ចឆ្លើយតបលោក ប៊ុន ហុន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សឈ្នះដាច់ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលកន្លងទៅ។ លោកក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញាគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត របស់ប្រជាពលរដ្ឋ៕