(ព្រះសីហនុ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់​ បានបង្កើត​កម្មវិធីប្រកួតបាល់ទាត់មិត្តភាព​រវាងក្រុមកីឡាករ UME ខេត្តព្រះសីហនុ និងក្រុមកីឡាករ សាលាបច្ចេកទេសដុនបូស្កូ។ ការប្រកួតនេះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានសាលាបច្ចេកទេសដុនបូស្កូ ដែលស្ថិតនៅសង្កាត់អូរ៣ ក្រុង/ខេត្តព្រះសីហនុ។

លោក ហេង រតនា បានថ្លែងថា កម្មវិធីនេះបង្កើតឡើង ដើម្បីជំរុញចលនាស្មារតីយុវជន សិស្សានុ សិស្សទាំងអស់ឱ្យជៀសផុតពីគ្រឿងញៀន ល្បែងស៊ីសង និងលែងកីឡាដើម្បីសុខភាព មិត្តភាព និងបំផុសចលនារួមគ្នា ធ្វើអំពើល្អ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។

លោកបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយ និងវ័យកំពុងសិក្សាផងនោះ ត្រូវខិតខំរៀនសូត្រយកចំណេះដឹង វិជ្ជាជីវៈដើម្បីជាសសរទ្រូងនៃប្រទេសជាតិ និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត ដាច់ខាតត្រូវតែតម្រង់ទិសដៅ ឱ្យបានល្អពីពេលនេះតទៅ។

លោកក៏បានថ្លែងអំណរគុណលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមយ៉ាងច្រើនកុះករនាពេលនេះ និងជាការលើកទឹកចិត្តដល់ការបំផុសចលនាលេងកីឡា ដើម្បីសុខភាព មិត្តភាពរួមគ្នា។

ក្នុងឱកាសនោះដែរ លោក ហេង រតនា ក៏បានប្រគល់ពានរង្វាន់ថវិកាលើកទឹកចិត្ត ដល់ក្រុមទទួលបានជ័យលាភី និងមានថវិកាសម្រាប់ក្រុម ដែលមិនបានទទួលជ័យលាភីមួយចំនួនផងដែរ៕