(ព្រះវិហារ)៖ លោក គួង ឡូ អតីតអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចូលកាន់តំណែងជាប្រធានមន្ទីរនេះជាផ្លូវការហើយ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីបំពេញការងារជំនួសតំណែង លោកប្រធាន ខូយ ប៊ុនថាន្នី ដែលចូលនិវត្តន៍។
ពិធីផ្ទេតំណែងប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារនាពេលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្រ្តីសំខាន់ៗថ្នាក់ខេត្តប្រមាណ៥០០នាក់។
នៅក្នុងពិធីនោះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានធ្វើការណែនាំដល់ប្រធានមន្ទីរសុខាភិបាលថ្មីខេត្តព្រះវិហារ ឱ្យខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបំពេញភារកិច្ចឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងវិស័យសុខាភិបាលក្នុងខេត្តនេះ ក៏ដូចជាប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កម្មវិធីផ្ទេតំណែងនេះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង និង លោកអភិបាលខេត្ត អ៊ុំ ម៉ារ៉ា ក៏បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារផងដែរ៕