(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាប់រយគ្រួសារ សំណូមពរ ដល់ក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ មេត្តាជួយសម្រួលធ្វើផ្លូវ ចូលភូមិ ត្រង់ចំណុចស្ពាន ឆ្លងផ្លូវល្បឿនលឿន ឲ្យមានភាពងាយស្រួល ពីព្រោះផ្លូវចុះពីស្ពានចូលក្នុងភូមិ បច្ចុប្បន្ន មានភាពលំបាក ក្នុងការធ្វើដំណើរ ពេលបត់ចុះ និងពេលឡើង លើស្ពាន។

ប្រជាពលរដ្ឋ ក៏បានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួងសាធារណការ ជាពិសេសសាលារាជធានីភ្នំពេញ សូមជួយសម្រួលផ្លូវមួយខ្សែនេះ ឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរ ធ្វើយ៉ាងសូមឲ្យបានទំហំ ត្រឹម១២ម៉ែត្រ ក៏បាន ព្រោះថាផ្លូវចាស់មានទំហំ១៥ម៉ែត្រ។

ប្រជាពលរដ្ឋ ក៏បានលើកឡើងពីផលលំបាក របស់អ្នកធ្វើដំណើរ ជាពិសេស ក្មេងតូចៗ ពេលជិះកង់ និងម៉ូតូ ទៅរៀន គឺពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាព ខណៈពេលដែលមានរថយន្ត ចុះពីស្ពាន មានល្បឿនលឿនៗ ខ្លាចក្រែងមាន គ្រោះថ្នាក់ជាយថាហេតុ។ ប្រសិនបើខែភ្លៀងវិញ ក្មេងសិស្សសាលាខ្លះ មិនបានធ្វើដំណើរទៅដល់សាលាទេ ព្រោះពេលខ្លះ ពួកគាត់បានរអិលដួល ប្រលាក់ សម្លៀកបំពាក់ ត្រឡប់មកផ្ទះវិញ។

ជាការឆ្លើយតប អភិបាលរងខណ្ឌកំបូល លោក ទ្រី ណារ៉េត ក៏បានចុះមកដល់ទីតាំង និងបានពន្យល់បងប្អូនប្រជាពលរដ្ឋថា ខាងអាជ្ញាធរ មូលដ្ឋានជាពិសេស លោកអភិបាលខណ្ឌ បានធ្វើលិខិតដាក់ជូន ទៅកាន់ស្ថាប័ន ពាក់រួលរាល់ហើយ និងក៏កំពុងរង់ចាំការឆ្លើយតប ពីថ្នាក់លើផងដែរ។

លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បន្ត ក្នុងគម្រោងដែលអាជ្ញាធរ នឹងរៀបចំធ្វើ ដោយមានរៀប បង្កាន់ដៃស្ពាន បន្ថែម ដើម្បីអោយកាន់តែមានសុវត្ថិភាព ដល់បងបង្អូន ប្រជាពលរដ្ឋ និងមាន ដាក់អំពូលភ្លើង ហើយក៏មានគម្រោងក្នុងការធ្វើរង្វង់មូលផងដែរ ប៉ុន្តែ ដោយយោងតាមស្ថានភាព ផ្លូវតូចពេក ប្រហែលជាមិនអាចធ្វើរង្វង់មូលបានទេ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ សូមសំណូពរ ដល់អាជ្ញាធរមូលដ្ឋាន មេត្តា ជួយពន្លឿន រៀបចំផ្លូវមួយខ្សែនេះ ឲ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានសុវត្ថិភាព៕