(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រាប់ដល់អ្នកពាក់ព័ន្ធទាំងអស់បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតី នៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីក្រុមការងារគ្រប់ថ្នាក់នៅខេត្តបន្ទាយមានជ័យ។

ក្នុងនាមប្រធានក្រុមការងារ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងនូវការគោរពដឹងគុណចំពោះសមាជិក សមាជិកា គណបក្ស និងជនរួមជាតិទាំងអស់ដែលតែងតែផ្តល់ជំនឿជាក់ និងការគាំទ្រយ៉ាងធំធេង ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់នីតិកាលនៃការបោះឆ្នោត ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេស និងសូមគោរពដឹងគុណចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធតស៊ូធ្វើពលិកម្មយ៉ាងអង់អាចក្លាហានបំផុត ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី និងវឌ្ឍនភាពនៃមាតុភូមិកម្ពុជា និងបានកោតសរសើរ ចំពោះ ក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរដែនដី វិស័យ សាសនា ឯកជន អង្គការមហាជន និងសប្បុរសជន ដែលបានរួមសាមគ្គីចូលរួមការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ចែករម្លែក កៀរគរ លះបង់នូវធនធាន កម្លាំងទប់ស្កាត់បានរាល់ការប៉ុនប៉ងនានារបស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែងតែចង់បំផ្លាញសន្តិភាព ធានាបាននូវសុខដុមរមនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយគណបក្ស និងរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយអំពាវនាវដល់គ្រប់សមាសភាពត្រូវរួមគ្នាក្នុងដំណើឆ្ពោះទៅបោះឆ្នោតនីតិកាលទី៧ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ «ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព» និងយកចិត្តទុកដាក់ដោះស្រាយរាល់សំណូមពរ និងខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ ជំរុញណែនាំដល់ប្រជាពលរដ្ឋ ឲ្យពិនិត្យរាល់ឯកសារ ត្រៀមទៅបោះឆ្នោត ជំរុញការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការចាក់វ៉ាក់សាំងដូសជំរុញ ផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ត្រូវពឹងរឹងគុណភាព ត្រូវពង្រឹងជនបង្គោលតាមសង្កាត់ឃុំភូមិតាមមន្ទីរនីមួយៗ ផ្ដល់សេវាសុខាភិបាល ឲ្យកាន់តែល្អប្រសើរជាងមុន ប្រជាពលរដ្ឋចំណាក់ស្រុក ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបន្តអនុវត្តរាល់ផែនការការងាររបស់គណបក្ស -រដ្ឋ សំដៅបន្តការអភិវឌ្ឍមូលដ្ឋានរីកចម្រើន និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ៕