(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សទូទាំងស្រុក ត្រូវបន្តអនុវត្តគោលនយោបាយរបស់គណបក្សឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឈានទៅរកជ័យជម្នះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកស្រី ឃួន ឃុនឌី បានថ្លែងជំរុញបែបនេះនៅក្នុងឱកាស អញ្ជើញដឹកនាំថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសជូនសមាជិក សមាជិកា នៅស្រុកកំពង់ស្វាយ។

នៅក្នុងឱកាសនោះ លោកស្រី បានលើកឡើងពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេងជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

លោកស្រីបានបន្តទៀតថា រាជរដ្ឋភិបាលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងកិច្ចការបរទេស កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ពាណិជ្ជកម្ម វិស័យការងារ សុខុមាលភាពសាធារណៈ ជាពិសេសការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ សមិទ្ធផលទាំងនេះអាចសម្រេចបានលុះត្រាតែមានកត្តាសំខាន់បំផុតគឺសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខ និងជីវភាព សុខភាពប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ។

លោកស្រី ឃួន ឃុនឌី បានស្នើឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជារួមសាមគ្គីគ្នា ជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តភារកិច្ច និងសូមកុំក្រអើតក្រទម ត្រូវតែគោរពស្រលាញ់គ្នាឱ្យបានច្រើន។

លោកស្រី ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះពួកគាត់។

លោកស្រីក៏ប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសភាជាតិអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបន្តគាំទ្របេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕