(ព្រះសីហនុ​)៖​ សាខាសាកលវិទ្យាល័យបៀលប្រាយ (BBU) ខេត្តព្រះសីហនុ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីជាង ១,០០០នាក់ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្រោមអធិបតីភាព លោក​ អ៉ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោក​ ម៉ាង​ ស៊ីណេត​ អភិបាល​រង​ខេត្ត​ព្រះសីហនុ​ នៅសណ្ឋាគារ សុខា ប៊ិច ក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

​លោក អ៉ីន វីរជាតិ មានទស្សនៈថា «ការអប់រំល្អ គឺជាកូនសោសម្រាប់ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ» និង «យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ការអប់រំឧត្តមសិក្សា ត្រូវបណ្តុះបណ្តាលបុគ្គលិកលក្ខណៈពេញលេញ និងជំរុញការស្រាវជ្រាវបច្ចេកទេស វប្បធម៌ និងសង្គម ដើម្បីឱ្យមានសមត្ថភាពខ្ពស់ទាំងចំណេះដឹង ជំនាញ សីលធម៌ គំនិតច្នៃប្រឌិតគំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាពសម្រាប់អភិវឌ្ឍប្រទេសជាតិ។

ជាមួយផែនការយុទ្ធសាស្ត្រត្រីកោណ នៃការអភិវឌ្ឍ សាកលវិទ្យាល័យបៀលប្រាយ មានចក្ខុវិស័យចង់បានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ក្នុងការបណ្តុះបណ្តាលធនធាននិស្សិត ឱ្យបានបញ្ចប់ការសិក្សាពោរពេញទៅដោយសមត្ថភាព ដែលនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយក្នុងពេលអនាគត និងមានសមត្ថភាពដោះស្រាយបញ្ហាជាច្រើនទៀតទាំងក្នុងបរិបទកម្ពុជា និងអន្តរជាតិ។ អនុវត្តតាមចក្ខុវិស័យខាងលើ សាកលវិទ្យាល័យបៀលប្រាយ មានបេសកកម្មដោយផ្តោតផ្តល់នូវកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត នៃការអប់រំ។

ដើម្បីសម្រេចតាមចក្ខុវិស័យ និងបេសកកម្មនេះ សាកលវិទ្យាល័យបៀលប្រាយ មានគោលបំណងជាយុទ្ធសាស្រ្តផ្ដោតលើ៖
ទី​១៖ រក្សាឱ្យបាននូវវប្បធម៌ និងគំនិតផ្តួចផ្តើម អំពីគុណភាព
ទី២៖ ពង្រឹងនិងពង្រីក នូវទំនាក់ទំនងខាងក្រៅ ការផ្សព្វផ្សាយព័ត៌មាន និងប្រតិបត្តិការទីផ្សារឱ្យកាន់តែប្រសើរ និងទូលំទូលាយឡើង
ទី៣៖ ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំ
ទី៤៖ លើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
ទី៥៖ ពង្រឹងការរៀបចំផែនការស្ថាប័ននិងអប់រំ
ទី៦៖ ផ្ដល់ការសិក្សា ការបង្រៀន និងការស្រាវជ្រាវដែលមានប្រសិទ្ធភាព
ទី៧៖ ប្ដេជ្ញាផ្ដល់ឧត្តមភាពនៃការសិក្សាអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍
ទី៨៖ ផ្ដល់នូវវិសាលភាពសិក្សាអប់រំកាន់តែទូលំទូលាយ
ទី៩៖ ផ្តល់សេវាកម្មអតិថិជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
១០៖ ផ្តល់សេវាកម្មគាំទ្រផ្សេងៗដល់និស្សិតឲ្យមានប្រសិទ្ធភាព
ទី១១៖ ធ្វើទំនើបកម្មសម្ភារៈរូបវ័ន្តនិងធនធានការសិក្សា
ទី១២៖ កែលម្អឲ្យប្រសើរឡើង និងលើកកម្ពស់ស្តង់ដា និងការធានាគុណភាពអប់រំផ្ទៃក្នុង ទាំងកម្រិតគ្រឹះស្ថានទាំងមូល និងកម្រិតសិក្សានីមួយៗ៕