(ភ្នំពេញ)៖ ថ្ងៃទី០១ ដើមខែកក្កដា ឆ្នាំ២០១៦នេះ អាចជាសញ្ញាប្រកាសអាសន្ននាំទៅដល់ថ្ងៃស៊យបំផុត និងជាថ្ងៃខ្មៅសម្រាប់បក្សសង្គ្រោះជាតិឈានទៅ ប្រឈមនឹងគ្រោះធំ ស្តារលែងបាន ដូចមនុស្សដើររអិលដួលបាក់ក ឬអាចនិយាយមួយបែបទៀតថា «ខ្លួនឯងកំពុងធ្លាក់ជ្រោះ ត្រដរខ្យល់ប្រកាច់ជិតស្លាប់ទៅ ហើយនោះ បែរជាស្រែកគំរាមអ្នកនៅលើគោកថា ប្រយ័ត្នអញអត់ជួយ»។
នៅថ្ងៃនេះ លោក សម រង្ស៊ី ដែលស្ថានភាពពិត ប្រៀបដូចកូនចៀមបន្លំពាក់ស្បែកខ្លា ដោយគាត់ផ្ញើសារទាំងព្រហើន និងដោយកំហឹងចោទប្រកាន់ទៅបក្ស កាន់អំណាចថា បានដើរខុសផ្លូវ និងទាមទារឲ្យអ្នកដឹកនាំប្រទេសកែខ្លួន បើពុំដូច្នោះទេ គាត់ព្រមានថា «ជំនួយអន្តរជាតិអាចត្រូវគេកាត់ផ្តាច់...»។
ក្នុងបរិការនេះគេបានដឹងថា អ្នកដែលកំពុងស្រែកនោះ គឺជាក្រុមខ្យល់ព្យុះក្នុងក្អម ពីព្រោះ «ខ្លួនឯងកំពុងជាប់ទោសទណ្ឌនៅតុលាការកម្ពុជា មិនហ៊ានទាំង ចូលស្រុកផង គ្នីគ្នាក្រុមបក្ខពួកឯងកំពុងវ័ណ្ឌកផ្លូវច្បាប់រើខ្លួនមិនរួចផង ហេតុអ្វីបានជាមកដាក់លក្ខខណ្ឌ ឬវាស់ផ្លូវឲ្យគេដើរទៅវិញ?» តើរាជរដ្ឋាភិបាលធ្លាប់ ព្រួយបារម្ភពីអង្កាលណា អំពីការយកបរទេស ដើម្បីដាក់គំនាបលើកម្ពុជា និងព្រមានផ្តាច់ជំនួយនោះ? ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាល កាលពីសប្តាហ៍មុននេះ បានបញ្ជាក់ពីគោលជំហរយ៉ាងម៉ឺងមាត់ថា ប្តេជ្ញាការឯករាជ្យភាពរបស់ម្ពុជាជារដ្ឋអធិបតេយ្យ ប៉ុន្តែដាច់ខាតមិនធ្វើរណប ឬជាអាយ៉ងបរទេសណាឡើយ ទោះដោយតម្លៃណាក៏ដោយ ហើយថា បើទោះបីជាផ្តាច់ជំនួយក៏ផ្តាច់ចុះ បើជំនួយនោះដាក់ លក្ខខណ្ឌនយោបាយ និងគំរាមកំហែង ឬគាបសង្កត់មកលើកម្ពុជា។
ការព្រមានយកអន្តរជាតិ ដើម្បីកៀបសង្កត់លើកម្ពុជា ត្រូវបាននាយករដ្ឋមន្រ្តីឆ្លើយតបដោយទះកំផ្លៀងទៅវិញថា សូមពួកគេកុំធ្វើជាសេក និយាយតាមបក្សប្រឆាំង ហើយថែមទាំងផ្តាំទៅបណ្តាអង្គទូតមួយចំនួនឲ្យធ្វើការកែទម្រង់ពីរ ទី១ កែទម្រង់ប្រភពព័ត៌មាន និងទី២ ត្រូវកែទម្រង់ឲ្យស្គាល់អង្គហេតុ និងអង្គច្បាប់ ពីព្រោះកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ហើយលោកក៏គ្មានសិទ្ធិទៅលូកលាន់ក្នុងបញ្ហាការងាររបស់តុលាការដែរ។ សារនេះបានឆ្លើយតបទៅវិញ នៅពេលក្រុមប្រឆាំងប្រើវិធីស្មោគគ្រោក គំរាមអំពីការផ្តាច់ជំនួយ និងទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើពួកគេ ក្នុងរឿងព្រហ្មទណ្ឌមួយចំនួន ដោយបក្សប្រឆាំងព្យាយាមបង្វែរទៅជារឿងនយោបាយ។
អ៊ីចឹងហើយ សាររបស់លោក សម រង្ស៊ី ថ្ងៃនេះប្រៀបបាននឹងការដេកស្តោះ ដាក់លើខ្លួនឯងទៅវិញនោះទេ ដោយហេតុថា នៅពេលនេះបរទេសនឹងរលាកដៃ បើសិនណាពួកគេលូកជ្រៅមកកាន់ជើង ឬគាំទ្របក្សប្រឆាំងដែលកំពុងប្រឈមបញ្ហាផ្លូវច្បាប់ខ្លួនឯង និងម៉្យាងវិញទៀត បើបរទេសមិនដកថយទេនោះ នឹងសាបតម្លៃខ្លួន ដោយសារនាពេលកន្លងមកពួកគេ តែងតែជំរុញការលើកកំពស់នីតិរដ្ឋ។
បើទោះបីជាបណ្តាប្រទេសទាំងនោះ ពាក់ផ្លាកប្រជាធិបតេយ្យយ៉ាងណាក្តី ប៉ុន្តែពួកគេមិនអាចនឹងភ្លេចគិត ឬមើលរំលងនូវសកម្មភាពរបស់បក្សប្រឆាំង ដែលបាននិងកំពុងធ្វើបំពានច្បាប់យ៉ាងអាណាធិបតេយ្យដូចសព្វថ្ងៃនេះ ថាជាដំណើរការនៃការពង្រឹងនីតិរដ្ឋនោះឡើយ ពីព្រោះបទល្មើសដែលកំពុង ជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយទាំងនោះ សុទ្ធតែស្តែងចេញពីកំហុសរបស់ពួកគេ ដែលបានមើលស្រាល និងរំលោភលើគោលការណ៍ច្បាប់នៅកម្ពុជា។ «បើបរទេសសុខចិត្តការពារជនល្មើស ដើម្បីផលប្រយោជន៍នយោបាយ យើងគិតថា រាជរដ្ឋាភិបាល នឹងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ដើម្បីរក្សាស្ថិរភាពសង្គម។ ពាក្យនេះ ត្រូវបាននាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងជាញឹកញាប់ឆ្លើយតបទៅនឹងការលើកឡើងរបស់មេបក្សប្រឆាំង ដែលយកបញ្ហាប្រាក់ជំនួយធ្វើជាចំណាប់ខ្មាំងគាបសង្កត់ លើរាជរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី ក៏បានប្តេជ្ញាផងដែរថា លោកនឹងកាត់ដៃស្តាំរបស់លោកចោល បើលោកចុះហត្ថលេខាសុំការលើក លែងទោសឲ្យអ្នក ទាំងនោះម្តងទៀត»។
ម៉្យាងវិញទៀត ល្បិចចាក់ក្រឡេក របស់លោក សម រង្ស៊ី និងការធ្វើនយោបាយប្រជាភិថុត ចោទប្រកាន់ លាបពណ៌ ទៅលើបក្សកាន់អំណាចថា កំពុងដឹកនាំផ្តាច់ការ ក៏ជាឧបសគ្គមួយដ៏ធំ ប្រៀបបានគ្រាប់បែកដែលបក្សប្រឆាំងកំពុងឱប នឹងផ្ទុះមុនកាលកំណត់។ នៅពេលនោះ បើទោះបីជាលោក សម រង្ស៊ី ចង់ស្តារស្ថានការណ៍ ក៏ត្រូវហួសពេលដែរ។ ល្បែងដែលមេដឹកនាំបក្សប្រឆាំងកំពុងលេងជាមួយនាយករដ្ឋមន្រ្តី បានដើរដល់ផ្លួវទាល់ច្រក បាត់ម្ចាស់ការ ហើយគេបានមើល ឃើញនៅលើគោក អំពីភាពឆោតល្ងង់របស់លោក សម រង្ស៊ី ដែលបានយកសាំងទៅចាក់ពន្លត់ភ្លើង គឺគាត់ជាអ្នកកំទេច និងបំផ្លាញបក្សប្រឆាំងដោយខ្លួនឯង។
ហេតុអ្វីបានជានៅសុខៗ លោក សម រង្ស៊ី ស្រែកប្រកូកប្រកាសហៅ ព្យុះ ផ្គរ រន្ទះ ឲ្យមកបាញ់បំផ្លាញបក្សខ្លួនឯងទៅវិញ? មិនមែនលោក សម រង្ស៊ី មិនធ្លាប់ស្គាល់កម្លាំង និងការសម្រេចចិត្តនយោបាយរបស់ ប្រមុខបក្សកាន់អំណាចរូបនេះឯណា!។ (ហ៊ុន សែន) ត្រូវបានគេដឹងថា ជាបុរសខ្លាំងរបស់កម្ពុជា ដោយសារប្រវត្តិនៃការតស៊ូ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ លោកមាននូវបទពិសោធផ្ទាល់ និងប្រសិទ្ធភាព បំផុត ក្នុងការទប់ទប់ជាមួយដៃគូប្រជែង ដោយប្រើយុទ្ធសាស្ត្រដឹកនាំ ឈ្លាសវៃ ប៉ិនប្រសប់ ចេះបត់បែន និងយល់ពីស្ថានការណ៍។
បើទោះបីជាមិនទាន់បានសម្រេចផ្លែផ្កាទាំងស្រុង នៃកំណែទម្រង់ឲ្យបានជោគជ័យ១០០ភាគរយ ប៉ុន្តែជាជំហានឆ្ពោះទៅមុខ លោកកំពុងដឹកនាំដោយភាពជឿជាក់ និងទំនុកចិត្តពីប្រជាពលរដ្ឋ។ នាយករដ្ឋមន្រ្តី «ហ៊ានថា គឺហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ»។ ជនណាប៉ុនប៉ងបំផ្លាញសន្តិភាព ដែលបានមកដោយលំបាកនេះ គឺជាសត្រូវខ្លាំងបំផុតរបស់គាត់ (ហ៊ុន សែន)។
តើលោក សម រង្ស៊ី គាត់ជាមនុស្សចង្រៃមែនឬ ? ឬមួយក៏ដើម្បីតែចង់ឈ្នះគូប្រជែងដែលលេចធ្លោរដោយប្រជាប្រិយ៍ភាព គាត់ហ៊ានផ្គើនទាំងងងើលដោយយក កំហឹងមកដោះស្រាយបញ្ហា? តើបក្សប្រឆាំងមួយនេះ នឹងទទួលលទ្ធផលបែបណា? គេនឹងបានដឹងនៅពេលដ៏ខ្លីខាងមុខ នូវការត្រដរខ្យល់របស់ បក្សប្រឆាំង ដែលសុទិដ្ឋិនិយមជ្រុលហួសហេតុពេកទៅលើបរទេស ដើម្បីដាក់ការគាបសង្កត់លើកម្ពុជានោះ នឹងរុញផ្ទប់ទៅបក្សប្រឆាំងខ្លួនឯងវិញឲ្យបែកខ្ទេច។ ភាពកំសោយរបស់គាត់ (សម រង្ស៊ី) នឹងទាញបក្សទាំងមូលឲ្យឆាប់ដល់ថ្ងៃបរាជ័យទាំងស្រុងមុនកាលកំណត់។ ហាស ហា ! មេបក្សប្រឆាំងអីក៏ភ្លើម៉្លេះ!
លោក សម រង្ស៊ី ហាក់ដូចជាមើលស្រាលខ្លាំងណាស់ចំពោះស្ថានការណ៍ និងកំពុងបាត់ម្ចាស់ការក្នុងការគ្រប់គ្រងបក្ស។ គាត់បានបញ្ចេញនូវកាឡាហល់ របស់ខ្លួនទាំងកំរោល ដែលនឹងហុចផលឲ្យបក្សកាន់អំណាចសំពងក្បាល សង្កត់បន្ថែមដោយមិនខ្លាចញញើតដៃនោះទេ ហើយមតិមហាជននឹងអបអរសាទរ ថែមទៀត នៅពេលដែលគេបានឃើញភាពឆោតល្ងង់របស់មេបក្សប្រឆាំង គ្មាននូវយុទ្ធសាស្ត្រ ហើយបាននិងកំពុងប្រឹងស្រែកព្រុសទាំងព្រលឹងចុងសក់។
ប្រភពបញ្ហា ឬចំហេះនៃរងើកភ្លើងដែលកំពុងក្តៅងំ នឹងឆេះបំផ្លាញបក្សសង្គ្រោះជាតិទាំងមូលឲ្យខ្ទេចខ្ទី រលំរលាយ វិនាសហិនហោច ដោយសារតែភាពអស្មិមានៈ រឹងរូសរបស់លោក សម រង្ស៊ី ដែលមិនបោះបង់ចោលនូវវប្បធម៌ «គំនុំនិងការសងសឹក» គឺជាកំហុសផ្នែកយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់បំផុត បានបង្ខំឲ្យលោក សម រង្ស៊ី ដើរវង្វេងទិស និងដួលបោកក្បាល។ ខ្លួនមានកំហុស ហើយប្រឹងស្រែក និងដាក់ការគាបសង្កត់លើក្រុមម្ខាងទៀត ដែលគ្មានកំហុសអ្វីសោះ គឺមិនមែនជាការ បើកច្រកឲ្យជនដែលកំពុងប្រឈមបទល្មើស មានសេរីភាពឡើយ៕
អត្ថបទ៖ ឌីន អាន់ដ្រា