(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសន្ទុកនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដល់ក្រុមការងារ និងសមាជិកបក្សក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

នៅក្នុងឱកាសផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញនេះ ប្រធានក្រុមការងារចុះជួយស្រុកសន្ទុក បានអំពាវនាវដល់សមាជិកទាំងអស់ និងប្រជាពលរដ្ឋ បន្តគាំទ្រការដឹកនាំប្រទេសរបស់គណបក្សប្រជាជន ហើយការពារសន្តិភាព ដើម្បីស្ទួយផលប្រយោជន៍ប្រជាជន និងភាពរីកចម្រើនរបស់ជាតិ។

លោកបានលើកឡើងថា រយៈពេល៥ឆ្នាំនេះ ទោះបីកម្ពុជាឆ្លងកាត់ជំងឺកូវីដ១៩ ក៏ដោយប៉ុន្តែសភាពការណ៍នយោបាយ មានស្ថិរភាព និងមានភាពស្ងប់ស្ងាត់ល្អ ហើយយើងរស់នៅក្នុងភាពសុខសាន្ត និងសន្តិភាព ដូចនេះមានតែសន្តិភាពទេធ្វើឲ្យសង្គមមានភាពស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋរស់នៅក្នុងសុខសុវត្ថិភាព។

លោកក៏បានអំពាវនាវដល់សមាជិកបក្សទាំងអស់ឲ្យបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រជាជនទើបគណបក្សយើងដណ្ដើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយត្រូវចងចាំឲ្យបានច្បាស់ប្រសាសាន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ថា ការបោះឆ្នោតឆ្នាំ ២០២៣ នេះមិនមែនជារឿងរបស់តំណាងរាស្រ្ត មិនមែនជារឿងរបស់នាយករដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាលនោះទេ ជារឿងរបស់យើងទាំងអស់គ្នាជាសមាជិកសមាជិកា របស់គណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់។

ក្នុងនោះអង្គពិធីក៏បានសម្ដែងការរីករាយ និងអបអរសាទរដែលអង្គការ FATF បានដកកម្ពុជាចេញពី បញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យ ខាងលាងលុយកខ្វក់នោះផងដែរ៕