(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានដឹកនាំក្រុមការងារសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ចុះផ្សព្វផ្សាយយុទ្ធនាការ Beyond The Games ព្រមទាំងបានចូលរួមបត់បេះដូងចំនួន១០,០០០បេះដូង នៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា សាលារៀនអាន់នៀកម៉ះ សម្ដេចតេជោ ហ៊ុន សែន ជ្រោយមេត្រី និងវិទ្យាល័យនូរ៉ុលអ៊ីម៉ានជ្រោយមេត្រី។

នាឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា យុទ្ធនាការ Beyond The Games គឺជាគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ លោកបន្តថា យុទ្ធនាការនេះ ជាវេទិកាសម្រាប់លើកស្ទុយ និងផ្សព្វផ្សាយ អំពីភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្ត នៅខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

លើសពីនេះទៅទៀត លោកបានដឹកនាំក្រុមការងារយុវជន និងសិស្សានុសិស្ស បត់បេះដូង១០,០០០បេះដូង ដើម្បីបង្ហាញការគាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជា ដែលត្រៀមនឹងចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ និងដើម្បីលើកកម្ពស់មោទកភាពជាតិ ដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ជាចុងក្រោយ លោក រ៉ូហ្វី អូស្មាន ក៏បានលើកឡើងពីគោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ តែងតែយកចិត្តទុកដាក់ និងបានផ្តល់ឱកាសឲ្យសហគមន៍ឥស្លាម មានឱកាសចូលរួមសកម្មភាពផ្សេងៗ ជាមួយរដ្ឋាភិបាល ក៏ដូចជាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕