(ភ្នំពេញ)៖ គិតរហូតមកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ គឺមានរយៈពេល៣ថ្ងៃហើយ ដែលក្រុមបុគ្គលិកអ្នកបើកបររថយន្ត Taxi របស់ក្រុមហ៊ុន «Taxi Global Meter» មានគ្នាប្រមាណជាង ៨០នាក់ បានមកឈប្រមូលផ្តុំតវ៉ា ទាមទារដំណោះស្រាយ ចំនួន៣ចំណុច នៅមុខក្រុមរថយន្តតាស៊ីពណ៌ស គ្លូប៊ល ខេមបូឌា ត្រេឌឌីវើឡុបមេន ខូអិលធីឌី ខណៈដំណោះស្រាយ នៅតែគ្មានលទ្ធផលល្អ សម្រាប់ពួកគាត់។
តំណាងក្រុមអ្នកបើករថយន្ត «Taxi Global Meter» លោក ម៉ុក កំសាន្ត បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា បើគិតមកដល់ថ្ងៃនេះ គឺមានរយៈពេល៣ថ្ងៃហើយ ដែលក្រុមអ្នកបើកតាស៊ី មានគ្នា៨១ នាក់ មកប្រមូលផ្តុំគ្នាតវ៉ា ធ្វើបាតតុកម្មអហិង្សា នៅមុខទីស្នាក់ការរបស់ក្រុម Taxi Global (តាស៊ី ស) ហើយគោលបំណង នៃការធ្វើបាតុកម្មនេះ គឺដើម្បីទាមទានូវលក្ខខណ្ឌការងារ ចំនួន៣ចំណុច ពីថៅកែក្រុមហ៊ុន ដែលគ្រប់គ្រងដោយជនជាតិចិន។
លោក ម៉ុក កំសាន្ត បានបន្តថា ចំពោះលក្ខខណ្ឌ ដែលពួកលោកចង់បាននោះ គឺទី១ សុំឲ្យមានច្បាប់ឈប់សម្រាក៣ថ្ងៃ ក្នុងមួយខែរួមទាំងពិធីបុណ្យជាតិធំៗ។ ចំណុចទី២ សុំឲ្យមានការបញ្ចុះថ្លៃ ក្បាលឡានដែលពួកគាត់ បានជួលតម្លៃ៩៣០ដុល្លារក្នុងមួយខែ មកនៅទាបជាងនេះ និងចំណុចទី៣ សុំកុំឲ្យក្រុមហ៊ុន គិតថ្លៃក្បាលឡាន នៅពេលដែលពួកគាត់មានជួបបញ្ហាផ្សេងៗ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬអំឡុងពេលមានជំងឺជាដើម។
តំណាងរូបនេះ បានបន្តថា ជាគោលការណ៍របស់ក្រុមហ៊ុន គឺពុំមានច្បាប់សម្រាកណាមួយសម្រាប់ក្រុមអ្នកបើកតាស៊ីឡើយ ពោលគឺទោះបីជាមានបញ្ហា ជួបគ្រោះថ្នាក់ចរាចរណ៍ ឬឈឺត្រូវចូលពេទ្យ ក៏ខាងក្រុមហ៊ុន នៅតែគិតតម្លៃថ្លៃជួលឡានពេញជាធម្មតា ជាហេតុធ្វើឲ្យពួកគាត់ពិបាក ក្នុងការទទួលយកបាន ដោយហេតុផលថា ឈឺហើយត្រូវរកលុយមកបង់ថ្លៃជួលរថយន្ត ឲ្យក្រុមហ៊ុនទៀត។
ក្រុមអ្នកបើករថយន្ត Taxi ខាងលើបាននាំគ្នាលើកឡើងថា អ្វីជាគោលការណ៍ របស់ក្រុមហ៊ុន គឺគេនិយាយថា ក្រុមហ៊ុនគ្មានច្បាប់ សម្រាបឲ្យពួកគាត់ឈប់ឡើយ ហើយអ្នកណាជួលបានក៏ជួល អ្នកណាជួលមិនបានក៏អត់ទៅ។ ប៉ុន្តែរឿងដែលមិនអស់ចិត្ត គឺពួកគាត់ជាបុគ្គលិកចាស់ ធ្វើការងារ តាំងពីចាប់ផ្តើមស៊ីភាគរយ រហូតក្រុមហ៊ុនកាន់តែមានការរីកចម្រើន មកទល់សព្វថ្ងៃហើយ តម្រូវឲ្យពួកគាត់ជួលរថយន្តក្នុងតម្លៃមួយ ដែលថ្លៃទៀត។
ជាមួយគ្នានេះដែរ ក្រុមអ្នកបើករថយន្ត Taxi ខាងលើក៏បានទទួចស្នើសុំ កិច្ចអន្តរាគមន៍ ពីគ្រប់ក្រសួងស្ថាប័នទពាក់ព័ន្ធទាំងអស់ មេត្តាជួយរកដំណោះស្រាយ ឲ្យពួកគាត់ផង ព្រោះពួកគាត់កំពុងជួបជីវភាពលំបាក ក្នុងក្រុមគ្រួសារ។ ម្យ៉ាងទៀតក៏គ្មានលទ្ធភាព ដើម្បីប្តឹងតវ៉ាជាមួយភាគី ក្រុមហ៊ុនបានដែរ ដូច្នេះហើយមានតែការស្នើសុំ ក្រសួងស្ថាប័នទាំងអស់ អន្តរាគមន៍ចុះស្រាវជ្រាវ ពីច្បាប់ការងារនៅក្រុមហ៊ុន «Taxi Global» នេះផង។
ដោយឡែក បើតាមការបកស្រាយ ពីសំណាក់តំណាងភាគី ក្រុមហ៊ុន «Taxi Global» លោក លាង អេង បានលើកឡើង ដោយប្រកាន់ជំហថា ក្រុមហ៊ុនលោកមិនអាច ធ្វើអ្វីទៅតាមការស្នើសុំ របស់ក្រុមអ្នកបើកបរតាស៊ីទាំងនេះបានឡើយ ព្រោះក្រុមហ៊ុនធ្វើទៅតាមគោលការណ៍ ច្បាប់របស់ខ្លួន ។ ម្យ៉ាងទៀត លោកថានេះមិនមែនជា ក្រុមហ៊ុនរកស៊ីចែកភាគរយ ឬស៊ីប្រាក់ខែទេ ពោលគឺជាការជួលរថយន្ត ដើម្បីរកស៊ី ហើយចំណេញ ឬខាតស្ថិតនៅលើបុគ្គលម្នាក់៕