(ត្បូងឃ្មុំ)៖ លោក តូច ចាន់នី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំកណ្តោលជ្រុំ តំណាងលោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារក្នុងមូលដ្ឋានឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសនោះ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក វង សូត ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់សមាជិកសមាជិកាគណបក្សក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានផងដែរ។

លោកក៏បានក្រើនរំលឹកដល់គណៈកម្មាធិការបក្សឃុំ បន្ដធ្វើការណែនាំផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ និងណែនាំផ្សព្វផ្សាយ ជាមួយអាជ្ញាធរភូមិ និងជម្រុញឲ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដុសជម្រុញជាំបន្តបន្ទាប់ នៅតាមមណ្ឌលសុខភាពឲ្យបានគ្រប់ៗគ្នា តាមសេក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

លោក តូច ចាន់នី ក៏បានស្នើដល់សមាជិក សមាជិកា កុំចាញ់បោកឃោសនារបស់បក្សដទៃ ត្រូវមើលពីគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជាដែលរួមសុខរួមទុក្ខជាមួយប្រជាជន និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរហូតមានការអភិវឌ្ឃដូចសព្វថ្ងៃនេះ។

ជាមួយគ្នានេះ ប្រធានក្រុមបក្សនីមួយៗក្នុងឃុំកណ្ដោលជ្រុំ បានប្តេជ្ញាចិត្តសហការក្នុងការគៀរគរ សមាជិក និងទប់ស្កាត់នូវរាល់សកម្មភាពញុះញង់របស់គណបក្សដទៃ និងដឹកនាំសមាជិកបក្សគ្រប់ៗរូប ទៅចូលរួមក្នុងការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ ។

ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានបានមួយរយៈ លោក ក៏បាននាំយកនូវអំណោយ និងថវិកាមួយចំនួនរួមមាន៖ អង្ករ ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ មីម៉ាម៉ា១កេះ និងថវិកា ២០០០០រៀល។

នាថ្ងៃខែឆ្នាំដដែរ លោកប្រធាន និងក្រុមការងារ បានអញ្ជើញចូលរួមពិធីសម្ពោធសាលាមតេ្តយ្យសហគមន៍ភូមិព្រះអណ្តូង ១ខ្នង មាន២បន្ទប់ ដោយមានការគាំទ្រក្នុងការកសាងសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋក្នុងសហគមន៍ សប្បុរសជននានា អង្គការដៃគូផងដែរ។

ទន្ទឹមនឹងទទួលបានសមិទ្ធផលថ្មីនាពេលនេះ ប្រធានក្រុមការងារដដែល ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យបញ្ជូនកូនចៅ ទៅសិក្សាឱ្យបានគ្រប់ៗគ្នា សំដៅរួមចំណែកក្នុងការបណ្តុះណ្តាលចំណេះដឹង និងកសាងធនធានមនុស្ស ក្លាយជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ លោកក៏បានពាំនាំនូវសម្ភារៈមួយចំនួនរួមមាន សៀវភៅ ៣៦០ក្បាល ប៊ិច ខ្មៅដៃ កាបូបស្ពាយ ខោ អាវ ស្បែកជើង និងឃីដ ចំនួន ៤៦កញ្ចប់សម្រាប់ចែកជូនក្មួយៗ ដែលកំពុងសិក្សានៅមត្តេយ្យសិក្សា និងអ្នកគ្រូបង្រៀន ០២នាក់ ក្នុងម្នាក់ ៥០០០០រៀល និងថវិកាចំនួន ១,៣១០,០០០ រៀល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបន្ថែមទៀត៕