(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា លទ្ធផលតេស្ត H5N1 ដែលបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ កាលពីយប់មិញ សរុបចំនួន ២៩តេស្ត ដែលជាអ្នកប៉ះពាល់ជាមួយអ្នកស្លាប់ គឺអវិជ្ជមានទាំងអស់ រួមទាំងការពិនិត្យកុងត្រូលឪពុកអ្នកជំងឺផងដែរ។
មន្ដ្រីជាន់ខ្ពស់សុខាភិបាលរូបនេះ បានថ្លែងបន្ដថា ទោះជាលទ្ធផលមកអវិជ្ជមានជំងឺផ្ដាសាយបក្សីទាំងអស់ក៏ដោយ ក៏មន្ដ្រីយើងទាំងអស់គ្នា នៅតែបន្ដដុតដៃដុតជើង ធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន មិនមែនតែខេត្ដព្រៃវែងទេ យើងធ្វើទូទាំងប្រទេស ដោយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង និងផ្សព្វផ្សាយស្ពតអប់រំផ្ដាសាយបក្សីតាមទូរទស្សន៍នានា សហគមន៍ និងបណ្ដាញសង្គម។
«លើសពីនេះមន្ដ្រីឆ្លើយតបបន្ទាន់របស់យើងកំពុងបន្ដតាមដាននៅខេត្ដព្រៃវែង ក៏ដូចជាខេត្ដផ្សេងៗទៀតផងដែរ ដើម្បីឱ្យប្រាកដប្រជាថា ជំងឺនេះមិនអាចរីករាលនៅខេត្ដផ្សេងៗទៀត ដូច្នេះហើយយើងបានធ្វើតេស្ដទៅអ្នកពាក់ព័ន្ធផ្ទាល់ ហើយលទ្ធផលគឺអវិជ្ជមាន រួមទាំងឪពុកដែលឆ្លងពីកូនស្រី ដោយការរាប់មេរោគក្នុងខ្លួនតិចណាស់ អាលូវនេះគាត់អវិជ្ជមានដែរ ហើយអ្នកផ្សេងៗទៀតយើងកំពុងស្រាវជ្រាវបន្ដ និងអប់រំប្រជាពលរដ្ឋ ឲ្យអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ។
សូមជម្រាបថា ក្រសួងសុខាភិបាល បានរកឃើញជំងឺផ្តាសាយបក្សីមួយករណី នៅខេត្តព្រៃវែងកើតលើកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
បន្ទាប់ពីរកឃើញករណីកើតមានជំងឺផ្តាសាយបក្សីនេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមបសុពេទ្យ ធ្វើការអង្កេតស្រាវជ្រាវរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស, រកករណីសង្ស័យ និងអ្នកប៉ះពាល់ ព្រមទាំងចាត់វិធានការទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៌ និងក្នុងពិធីបុណ្យ។ បន្ថែមពីលើនោះ ក្រុមការងារឆ្លើយតបបន្ទាន់ បានចាត់វិធានការចុះអប់រំប្រជាពលរដ្ឋផងដែរ៕