(ភ្នំពេញ)៖​ រោងចក្រផលិតនំប៉័ងមួយកន្លែង ត្រូវបានអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុងដោយពុំទាន់ដឹងពីមូលហេតុ និងបណ្តាលឲ្យមានមនុស្សម្នាក់រងរបួសត្រូវបានដឹកយកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២៖៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវលំភូមិព្រសសាឡា ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋរស់នៅក្បែកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ​ Fresh News ថា មុនកើតហេតុដោយឃើញអណ្តាតភ្លើងបានឆាបឆេះចេញពីរោងចក្រផលិតនំបុ័ងសន្ធោសន្ធៅ ហើយក៏បានរាលដាលទៅលើឃ្លាំងផ្ទុកខ្សែភ្លើងមួយផ្សែងទៀត ឆាបឆេះអស់ស្ទើរទាំងស្រុង។

ភ្លាមៗនោះ ប្រជាពលរដ្ឋជិតខាង បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី២ សុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ជាបន្ទាន់។

ក្រោយភ្លាមៗ សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ រួមជាមួយអង្គភាពផ្សេងទៀតជាច្រើនគ្រឿងបានចេញជួយអន្តរាគមន៍ រហូតគ្រប់គ្រងស្ថានការណ៍បាន។ តែទោះជាយ៉ាងណា ក៏មិនទាន់ដឹងពីទំហំនៃការខូចខាតនោះឡើយ៕