(កំពង់ឆ្នាំង)៖ យុវជនគណបក្សប្រជាជនកម្ពុជា នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង និងយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមយុវជ នគណបក្សជិត៥០០នាក់ ជិះកង់ដើម្បីសុខភាព សាមគ្គីភាព ក្រោមម្លប់សន្តិភាព ដែលបានចេញដំណើរពីស្រុកសាមគ្គីមានជ័យ មកកាន់តំបន់រមណីយដ្ឋានទេសចរណ៍បឹងឈ្វាំង ស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានរយៈចម្ងាយ៣៨គីឡូម៉ែត្រ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា កន្លងមកខេត្តកំពង់ឆ្នាំង ក៏ធ្លាប់មានរៀបចំព្រឹត្តិការណ៍កីឡាជិះកង់នេះជាច្រើនលើកផងដែរ ដូចជាពិធីបុណ្យទន្លេ បុណ្យអុំទូកនៅខេត្តកំពង់ឆ្នាំង ជាមួយនេះយុវជន យុវជនារី ដែលជាក្រុម កីឡាករកីឡាការិនីជិះកង់ បានក៍ធ្លាប់ទទួលបានពាន រង្វាន់ជាបន្តបន្ទាប់ផងដែរ។

លោកបានបញ្ជាក់ទៀតថា ចំពោះព្រឹត្តិការណ៍ជិះកង់នាពេលនេះ ដើម្បីបង្ហាញឱ្យឃើញថា ក្រោមម្លប់នៃសន្តិភាព ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមាន ការរីកចម្រើនជាបន្តបន្ទាប់ កីឡានិងសន្តិភាព បានផ្សារភ្ជាប់គ្នា ជិះកង់ដើម្បីសុខភាព និងសាមគ្គីភាព។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានថ្លែងថា កីឡាគ្រប់ប្រភេទគឺជាការប្រកួតប្រជែងដ៍ស្វិតស្វាញ ដើម្បីជ័យជម្នះ ប៉ុន្តែគ្រប់កីឡាទាំងអស់កីឡាករ កីឡាការិនីជាទូតដែលនាំឲ្យគ្រប់គ្នាបានស្គាល់គ្នាបានជួបគ្នា។ កីឡាគឺទីកន្លែងដែលធ្វើឲ្យយើងបានជួបគ្នា លើពិភពលោក ហើយក៍ជាទីសុខសន្តិភាពផងដែរដែរ។ កីឡានាំឲ្យមនុស្សជាតិជួបជុំគ្នា ជាពិសេសកីឡាជួយពង្រឹងនូវសាមគ្គីភាព។

នៅក្នុងពិធីនោះបន្ទាប់ពីថ្នាក់ដឹកនាំ និងក្រុមយុវជនដែលជាកីឡាករកីឡាការិនី បានបញ្ចប់ពិធីជិះកង់មកដល់គោលដៅហើយនោះ ក៏មានរៀបចំអាហារសាមគ្គីដល់ក្រុមយុវជនជាកីឡាករកីឡាការិនី និងល្បែងកំសាន្តផ្សេងៗទៀត ដើម្បីបង្កការសប្បាយរីករាយនៅតំបន់រមណីយដ្ឋានទេសចរណ៍ខាង លើនេះផងដែរ៕