(ភ្នំពេញ​)៖ អគ្គិភ័យបានឆាបឆេះអគារខុនដូរ ECC-EASTVIEW មួយន្លែង​ យ៉ាងសន្ធោសន្ធៅ​ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង ១៣៖៤០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣​ ក្នុងនោះបណ្តាលឲ្យរងការខូចខាតសម្ភារមួយចំនួន។

លោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះ​អគារខុនដូរខាងលើ​ លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលដល់អគារនៅក្បែរនោះឡើយ។

បើតាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​, នៅក្នុងប្រតិបត្តិការសង្គ្រោះ កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ១២គ្រឿង​ ប្រើប្រាស់ទឹកអស់ទឹក២ឡាន​​,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ២គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​១គ្រឿង​។

លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្តទៀតថា​ អគ្គិភ័យបានឆេះបន្ទប់លេខC1508 ជាន់ទី១៥ បណ្តាលឲ្យខូចខាតសម្ភារបន្តិចបន្តួច ក្នុងនោះជាប្រភេទ​អគារខុនដូរកម្ពស់ ៣៨ជាន់ ដែលមានទំហំ​បន្ទប់ ១០៥ម៉ែត្រ​ការ៉េ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕