(កំពង់ស្ពឺ)៖ ការគោរពប្រតិបត្តិដឹងគុណឪពុកម្តាយ រមែងជួបសេចក្តីសុខចម្រើន និងការស្រលាញ់ពីអ្នកផងទាំងពួង ជាក់ស្តែងបុរសម្នាក់ ឈ្មោះ ខុន មករា អាយុ២១ឆ្នាំ បានលះបង់ការសប្បាយរីករាយក្នុងភាពយុវវ័យ មកខិតខំប្រឹងប្រែរកថវិកា ដើម្បីចិញ្ចឹមបីបាច់ថែរក្សាម្តាយចាស់ មានជំងឺប្រចាំកាយ (ជំងឺសរសៃប្រសាទ) រស់នៅក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។នេះបើតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមមួយបានឲ្យដឹង។

ដោយសារតែឃើញពីភាពកតញ្ញូរបស់បុរសម្នាក់នោះ ទោះបីជួបការលំបាកយ៉ាងណា ក៏មិនបោះបង់ម្តាយចោល ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌ ប្រកបដោយព្រហ្មវិហារធម៌ និងជាកុលធីតាមួយរូប ដែលរមែងគោរពប្រតិបត្តិដល់លោកឳពុក អ្នកម្តាយ ដែលជាអ្នកមានគុណ រំភើបចិត្តនឹងការតបស្នងសងគុណដោយការមើលថែម្តាយចាស់មានជំងឺប្រចាំកាយរបស់ក្មេងប្រុស ខុន មករា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់សហការីចុះទៅសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងរបស់បុរសម្នាក់នោះ និងម្តាយដល់លំនៅឋាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ភ្ភ្លាមៗនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខ និងស្វែងយល់ពីអាការៈជំងឺរបស់លោកស្រី នុន សុខអូន (ហៅអីត) ជាស្ត្រីមេម៉ាយ ដែលកំពុងមានជំងឺសរសៃប្រសាទអស់រយៈពេល៣ឆ្នាំមកហើយ ដែលជាម្តាយរបស់បុរស ឈ្មោះ ខុន មករា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិព្រៃស្រឡែង ឃុំទួលអំពិលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ស្វែងយល់ស្ថានភាព ដើម្បីជួយសម្រាលការលំបាករបស់បុរសម្នាក់នោះ និងម្តាយ។

លោកស្រី ម៉ែន នារីសោភគ៌ បានឲ្យដឹងថា «ថ្ងៃនេះដោយសារខ្ញុំទទួលបានការចាត់តាំងពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះមកសួរសុខទុក្ខលើករណីខាលើ។ តាមការសង្កេតឃើញថា លោកស្រី សុខអូន មានជំងឺផ្លូវចិត្ដ និយាយច្រើន តែមិនចូលចិត្ដសភាពអ៊ូរអរ។ ហើយកូនប្រុសគាត់នៅក្មេងទេ តែបានខិតខំតស៊ូទាំងលំបាកគ្រប់យ៉ាង រកថវិកាដើម្បីមើលជំងឺ និងចិញ្ចឹមបីបាច់ម្តាយ»។

លោកស្រីអគ្គលេខាធិការងទី១ បានឲ្យដឹងថា តាមរយៈការពិនិត្យផ្ទាល់ក្នុងថ្ងៃនេះ គឺប្រគល់ជូនខាងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ និងលោកអភិបាលខេត្ត ដើម្បីចាត់ឲ្យគ្រូពេទ្យខេត្តមកពិនិត្យសុខភាពផ្លូវចិត្តដល់ផ្ទះ ជូនលោកស្រី នុន សុខអូន ដើម្បីធ្វើរោគវិនិច្ឆ័យ ព្រោះនៅខេត្តកំពង់ស្ពឺ ក៏មានមន្ទីរពេទ្យដែលទទួលព្យាបាលផ្នែកផ្លូវចិត្តនេះដែរ ហើយតាមការសន្និដ្ឋានជំងឺនេះ អាចព្យាបាលបាន។

សូមជម្រាបថា ក្នុងឱកាសចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពនេះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារលោកស្រី នុន សុខអូន ដែលក្នុងនោះមាន ៖ អង្ករ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, ប្រេងឆា២ដប, ទឹកប៉ូការីស្វេត១កេស, ទឹកក្រូច២កេស, សាប៊ូកក់សក់១កេស, សាប៊ូដុសខ្លួន១កេស, ឃីតចំនួន២(សារុង២ មុង២ ភួយ២ និងក្រមា២) និងក្រណាត់ស២ដុំ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ហើយបានឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បើកគណីធនាគារមួយដើម្បីសុវត្ថិភាពជូនបុរស ខុន មករា ដើម្បីមើលថែម្តាយដ៏កំសត់នោះ។

ក្នុងឳកាសនោះ លោក ខុន មករា បានថ្លែងទាំងរំជួលចិត្តថា « ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយផ្តល់ថវិកា ស្បៀងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនទៀត ដើម្បីជួយសម្រាលទុក្ខលំបាកម្តាយខ្ញុំ និងខ្ញុំ ពិសេសផ្តល់ការព្យាបាលឲ្យម្តាយខ្ញុំ។ ខ្ញុំសូមគោរពថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងខ្លាំង រកអ្វីមកផ្ទឹមពុំបានឡើយ» ។

ទន្ទឹមនឹងនោះ លោកក៏បានប្តេជ្ញាចិត្ត នៅមើលថែម្តាយ ទោះក្នុងកាលៈទេសៈ ដោយមិនទុក្ខម្តាយកំសត់របស់គាត់ចោលនោះទេ៕