(ព្រះសីហនុ)៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីមានការអនុវត្តវិធានការក្តៅចំពោះការរឹតបន្តឹងច្បាប់ចរាចរណ៍នៅគោលដៅសំខាន់ៗ ក្នុងក្រុងព្រះសីហនុ បច្ចុប្បន្នសង្កេតឃេីញថា ប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ និងបានចាត់ទុកការពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដូចជាគោរពភ្លើងស្ដុប ជាការសំខាន់ក្នុងពេលបេីកបរ។

ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក គួច ចំរេីន ប្រធានគណបញ្ជាការឯកភាពខេត្ត និងមានការដឹកបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ, លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កម្លាំងជំនាញបានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់ ដោយធ្វើទាំងពេលថ្ងៃ ទាំងពេលយប់ ក្នុងយុទ្ធនាការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកវរសេនីយ៍ឯក គីម សុង បានអះអាងថា បើតាមការវាយតម្លៃពីសមត្ថកិច្ចចុះផ្ទាល់បានមើលឃើញថា ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ គាំទ្រ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងយុទ្ធនាការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ហើយក៏ទទួលបានការសាទរពីមជ្ឈដ្ឋានសាធារណៈជាច្រើនទៀតផងដែរ៕