(សៀមរាប)៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៨៤ ដល់គ្រួសារងាយរងគ្រោះ ក្រោមការចង្អុលបង្ហាញពីលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
ពិធីប្រគល់នេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកស្រី ស ថាណាឌី ជាសប្បុរសជនឧបត្ថម្ភផ្ទះនេះ។
គ្រួសារងាយរងគ្រោះដែលទទួលបានផ្ទះនេះ គឺលោកស្រី អ៊ួច ធន អាយុ៤០ឆ្នាំ មានសមាជិកគ្រួសារ៤នាក់ រស់នៅភូមិរកា ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ផ្ទះមនុស្សធម៌ទី៨៤នេះ មានទំហំ៦ម៉ែត្រ គុណ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ សាងសង់ឡើងដោយបានការជួយឧបត្ថម្ភគាំទ្រពីលោក ហេង ពិចិត្រ និងលោកស្រី ស ថាណាឌី តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកស្រី ទាង អេង ទៀសីហា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលជានិច្ចកាលតែងគិតគូរខ្ពស់បំផុត អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ។
លោកស្រីបន្តថា ផ្ទះមនុស្សធម៌ទី៨៤នេះ ជាអំណោយរបស់លោក សេង ពិចិត្រ និងលោកស្រី ស ថាណាឌី តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ជានិច្ចកាលលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារតែងតែបរិច្ចាគ និងចែករំលែកនូវធនធានផ្ទាល់ខ្លួន បង្ហាញនូវក្ដីស្រាលាញ់ ក្ដីអាណិតអាសូរ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍។
សន្ដានចិត្តដ៏សប្បុរសធម៌នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សប្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី ទាង អេង ទៀសីហា បានក្រើនរំលឹកដល់ លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជារដូវប្រាំងក្កៅហួតហែង សូមមេត្តាប្រុងប្រយ័ត្ន ចំពោះភ្លើងចង្ក្រាន ភ្លើងធូប ភ្លើងទៀនជាដើម។ លើសពីនេះទៀត សុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗ ដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ។ ម្យ៉ាងវិញទៀតជំងឺកូវីដ១៩ និងជំងឺផ្ដាសាយបក្សី នៅតែជាក្ដីបារម្ភ ដែលចាំបាច់តម្រូវឲ្យយើងគ្រប់គ្នាអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីអាចចៀសផុតពីការឆ្លងជំងឺដ៏សាហាវនេះ។
លោកស្រីក៏អំពាវនាវដល់លោកយាយ លោកតា អ៊ំពូមីង និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។
អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារម្ចាស់ផ្ទះ រួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ខ្នើយ២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល ព្រមទាំងសូឡាអំពូល១ឈុត។ ដោយឡែកសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន៤០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា៤ម៉ឺនរៀល៕