(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅឆ្នាំសិក្សា ២០២២-២០២៣ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំងលើវិស័យអប់រំ ដោយបានតម្លើងប្រាក់បៀរវត្ស ដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពរបស់ពួកគាត់ ឲ្យបានល្អប្រសើរបន្ថែមមួយកម្រិតទៀត ។
លោកបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលចាត់ទុកដូចជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីបណ្តុះធនធានមនុស្សពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារពិសេសក្នុងអំឡុង ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។
បន្ថែមលើនេះ លោកបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀន ឲ្យមានវិន័យល្អ ពិសេសលើគ្រូបង្រៀនតែម្តងដើម្បីឲ្យប្រព័ន្ធអប់រំ ក្នុងខេត្តកាន់តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យលោកគ្រូ អ្នកគ្រូ និងក្រុមគ្រួសារ រួមជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលដ៏ខ្លីខាងមុខឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានប្រគល់នូវសៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» និងសៀវភៅសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ទង់ជ័យលាភី បណ្ណសរសើ ជូនដល់អង្គភាព និងបុគ្គលិកអប់រំ មានស្នាដៃល្អ និងថវិការមួយចំនួនទៀត។
បើតាមលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឡើងធ្វើរបាយការណ៍សង្ខេប ពាក់ព័ន្ធការរីកចម្រើនគ្រប់ផ្នែក ទាំងការអប់រំរបស់លោកគ្រូ អ្នកគ្រូ ការសិក្សារបស់សិស្សានុសិស្ស និងការប្រកួតកីឡារបស់យុវជន ស្តែងឲ្យឃើញតាមរយៈលទ្ធផល នៃការសិក្សារបស់សិស្សកាន់តែល្អ សិស្សទទួលបាននិទ្ទេស A ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាជ័យលាភីពានរង្វាន់នានា ក្នុងវិស័យកីឡា ដែលទទួលបាននាពេលកន្លង៕