(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល និង ពិសារអាហារសាមគ្គី ជាមួយនឹងសហគ្រិនវ័យក្មេង។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមកោតសរសើរចំពោះសហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ ដែលបានដឹកនាំ និងរក្សាបាននូវវឌ្ឍនភាពអាជីវកម្ម-ធុរកិច្ចល្អប្រសើរ និងថែមទាំងបានទាក់ទាញ រំហូរវិនិយោគពីបរទេសនាពេលកន្លងមក ទោះបីជាត្រូវប្រឈមនឹងផលវិបាកជាច្រើន ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ។

លោកថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្ហាញយ៉ាងច្បាស់ថា វិស័យឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការនាំយកសក្តានុពលរបស់កម្ពុជា ឲ្យពិភពលោកបានស្គាល់ច្បាស់ និងចាប់អារម្មណ៍ រួមទាំងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង និងការបង្កើតការងារជូនប្រជាពលរដ្ឋ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរ ដែលអង្គការឃ្លាំមើលការលាងសម្អាតប្រាក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានហានិភ័យខាងលាងលុយកខ្វក់។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមសម្តែងនូវការគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រទ្បាហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមការងារចំពោះកិច្ច ព្រមទាំងស្ថាប័ន មានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំបំពេញការងារនេះ ដោយពុំគិតពីការនឿយហត់ រហូតសម្រេចបាននូវការនាំមកនូវភាពស្អាតស្អំរបស់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការណ៍នេះ ពិតជានឹងចូលរួមចំណែក ក្នុងការផ្តល់នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់កម្ពុជា ជាពិសេសសម្រាប់វិស័យឯកជនផ្ទាល់ ក្នុងការរក្សាលំនឹងនៃរំហូរហិរញ្ញវត្ថុ និងការដោះដូរពាណិជ្ជកម្មនានា ទៅកាន់ទូទាំងសាកលលោក។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ជាទស្សនវិស័យផ្ទាល់ខ្លួនអំពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការលើកកម្ពស់វិស័យឯកជន គឺមានកត្តាអាទិភាពចំនួន ៣ចំណុច៖

ទី១៖ ក្របខ័ណ្ឌគោលនយោបាយ៖ សំដៅទៅលើចក្ខុវិស័យជួយសម្រួលដល់ប្រតិបត្តិការ និងការរីកចម្រើនរបស់វិស័យឯកជន ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើការងារយ៉ាងច្រើនសន្ធឹកសន្ធាប់បម្រើ ដល់ការរីកលូតលាស់មកដល់សព្វថ្ងៃនេះ ហើយក៏នឹងបន្តវាយតម្លៃ និងកែសម្រួលដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឲ្យបរិយាកាសធុរកិច្ចនៅកម្ពុជា កាន់តែមានភាពប្រកួតប្រជែង ងាយស្រួល និងមានថ្លៃដើមទាប ។

ទី២៖ ក្របខ័ណ្ឌយន្តការអនុវត្ត៖ សំដៅទៅលើការលើកទឹកចិត្តឲ្យវិស័យឯកជនដើរតួនាទី ក្នុងការអនុវត្តផ្ទាល់ដោយមានការគាំទ្រពីសំណាក់រាជដ្ឋាភិបាល។

ទី៣៖ ការអនុវត្តជាក់ស្តែង៖ សំដៅទៅលើការធានា ឲ្យបាននូវការអនុវត្តជាក់ស្តែងដោយរលូន ជាការឆ្លុះបញ្ចាំងទៅនឹងផែនការដែលបានគូសវៀស ហើយការអនុវត្តនេះទាមទារនូវនីតិវិធីច្បាស់លាស់ ងាយស្រួល រស់រវើក និងតម្លាភាព រួមជាមួយនឹងកត្តាមនុស្សដែលមានការយល់ដឹង និងមានបទពិសោធន៍ជាក់ស្តែង ជាពិសេសកត្តាតុល្យភាពរវាងមន្ត្រីរដ្ឋ និងផ្នែកឯកជន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមសហគ្រិនទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រីកការវិនិយោគនៅក្នុងវិស័យសំខាន់ៗ ដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងបន្តបង្កើតឱកាស ការងារបន្ថែមជូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តឲ្យសហគ្រិនទាំងអស់ ឲ្យបង្កើនសមត្ថភាព, ពង្រឹងភាពប្រកួតប្រជែង និងសូមខិតខំទាញយកអត្ថប្រយោជន៍ ឲ្យបានជាអតិបរមាពីគោលនយោបាយ ក៏ដូចជាវិធានការលើកទឹកចិត្តនានា របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ជាពិសេសតាមរយៈការវិនិយោគ នៅក្នុងវិស័យអាទិភាព ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការទទួលបានការបណ្តុះបណ្តាលសហគ្រិនភាព, ការអភិវឌ្ឍជំនាញ, និងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសនានា។

ក្រៅពីការបង្កើតទ្រព្យ និងរកប្រាក់ចំណេញ, សហគ្រិនទាំងអស់ ក៏ត្រូវបណ្តុះគំនិតចូលរួមចំណែកក្នុងកិច្ចការសង្គម ព្រមជាមួយនឹងការចាប់យកបច្ចេកវិទ្យាឌីជីថល នៅក្នុងអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ដែលអាចនាំមកនូវផលិតភាពខ្ពស់ និងតម្លៃបន្ថែមកាន់តែច្រើនដល់សេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមសភាពាណិជ្ជកម្មកម្ពុជា បន្តផ្តល់ការគាំទ្រ និងកិច្ចសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសហគ្រាសថ្មីៗ ដើម្បីពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនងការងារ, ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ព្រមទាំងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឲ្យកាន់តែមានភាពរឹងមាំ ទូលំទូលាយ រស់រវើក និងប្រកបដោយបរិយាបន្ន៕