(ភ្នំពេញ)៖ ប្រទេស និងប្រជាពលរដ្ឋជាច្រើននៅជុំវិញពិភពលោក រួមទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាផង បានរួមគ្នាជួយដល់ប្រជាពលរដ្ឋតួកគី ដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះរញ្ជួយដី។

តួកគីជាប្រទេសកាន់សាសនាមូស្លីម ហើយធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ​ជាមួយពល​រដ្ឋ​ខ្មែរ-ឥស្លាម។ តាមរយៈអង្គការមនុស្សធម៌នានា ពលរដ្ឋតួកគី ក៏ធ្លាប់បានធ្វើសកម្មភាពមនុស្សធម៌​ជាមួយសហគមន៍ខ្មែរឥស្លាមនៅប្រទេសកម្ពុជាផងដែរ។

នៅពេលមានប្រទេសតួកគីជួបគ្រោះរញ្ជួយដី ហើយពលរដ្ឋកំពុងត្រូវការជាចាំបាច់នូវជំនួយនោះ។ សហគមន៍ខ្មែរឥស្លាម ក៏បានធ្វើសកម្មភាពរៃអង្គាសថវិកា ដើម្បីជួយដល់ពលរដ្ឋតួកគីផងដែរ។

លោក សេត មូហាំម៉ាត់ស៊ីស អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ បានធ្វើសកម្មភាពកៀរគរថវិកាពីសហគមន៍ខ្មែរឥស្លាម ក៏ដូចជានិស្សិតធ្លាប់សិក្សានៅប្រទេសតួកគី ប្រមូលបានថវិកាប្រមាណ ១,៤៦៦.៦៨ដុល្លារ ប្រគល់ជូនទៅអង្គការសប្បុរសធម៌តួកគីមួយឈ្មោះ​CANSUYU។

ក្រោយទទួលបានជំនួយហើយ អង្គការ CANSUYU ក៏បានចាត់ចែងរៀបចំជាកញ្ចប់អាហារយក​ទៅចែក​ជូន​ពលរដ្ឋរងគ្រោះ ដែលកំពុងស្នាក់នៅតាមកន្លែងដែលរដ្ឋាភិបាលរៀបចំ។ លើកញ្ចប់អាហារ​ បានរំលេច​ទង់ជាតិរបស់កម្ពុជា ជាមួយនឹងថា «កញ្ចប់អាហាររបស់កម្ពុជា»។

លោក សេត មូហាំម៉ាត់ស៊ីស បានប្រាប់ Fresh News ថា បន្ទាប់ពីលោកឃើញពលរដ្ឋតួកគីជួប​ការ​លំបាកនេះ លោកក៏បានធ្វើសកម្មភាពរៃអង្គាសថវិកា។ ការរៃអង្គាសនេះ ដើម្បីជួយសម្រាលការ​លំបាក​ពលរដ្ឋ​តួកគី។ មួយវិញសកម្មភាពនេះ ជាស្មារតីនៃការជួយគ្នារវាងពលរដ្ឋកម្ពុជា និងតួកគី ដែលកន្លងមកពលរដ្ឋតួកគី ក៏ធ្លាប់បានធ្វើសកម្មភាពជួយដល់ពលរដ្ឋកម្ពុជាផងដែរ។

បើតាមលោក សេត មូហាំម៉ាត់ស៊ីស ក្រោយពេលទទួលបានជំនួយនេះហើយ អង្គការ CANSUYU បានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។

រូបភាពនៃសកម្មភាពចែកកញ្ចប់អាហាររំលេចដោយទង់ជាតិរបស់កម្ពុជា ទៅដល់ប្រជាពលរដ្ឋតួកគី បាននាំឱ្យមានការចាប់អារម្មណ៍ជាខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក។ រូបភាពទាំងអស់នេះ នឹងបញ្ជ្រៀប​ដល់ពលរដ្ឋតួកគី ហើយក៏នឹងធ្វើឱ្យពួកគេចងចាំនូវសកម្មភាពសប្បុរសរបស់កម្ពុជា ដែលជាចំណែកមួយដល់ការពង្រឹងនូវទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសទាំងពីរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគី។

លោក សេត មូហាំម៉ាត់ស៊ីស បានឱ្យដឹងថា នេះគឺជាកញ្ចប់ជំនួយលើកទី១ ហើយលោកនឹង​ធ្វើសកម្មភាពកៀរគរថវិកាជាបន្តទៀត ដើម្បីជួយដោះស្រាយការលំបាករបស់ពលរដ្ឋតួកគី ដែលកំពុងត្រូវការជំនួយជាចាំបាច់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាសរុប ២០ម៉ឺនដុល្លារ ទៅកាន់ប្រទេសតួកគី ដើម្បីសម្រាលការលំបាករបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋតួកគី ដែលកំពុងរងគ្រោះដោយគ្រោះរញ្ជួយដីនេះ។

ក្រៅតែពីរាជរដ្ឋាភិបាល និងកាកបាទក្រហមហើយនោះ នៅមានវិស័យឯកជននៅកម្ពុជាជាច្រើនទៀត ក៏បានរួមគ្នាជួយរំលែកការលំបាករបស់រដ្ឋាភិបាលតួកគីផងដែរ។

រដ្ឋាភិបាលតួកគី តាមរយៈស្ថានទូតរបស់ខ្លួន សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្ត ដ៏សប្បុរសរបស់កម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា បានគូសរំលេចថា «កម្ពុជា​បាន​ធ្វើការឆ្លើយតប​យ៉ាងឆាប់​រហ័ស ក្នុង​នាម​ជា​មិត្ត​ដ៏​រឹងមាំ និង​ជា​ដៃគូ​របស់ប្រទេសតួកគី»។

លោកស្រីបន្តថា «ក្នុងនាមស្ថានទូតរបស់ខ្ញុំ និងសហគមន៍តួកគីនៅកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលបានជួយយើងតាមគ្រប់មធ្យោបាយ ក៏ដូចជាសហគមន៍​ការទូតសម្រាប់សាមគ្គីភាពដ៏រឹងមាំរបស់ពួកគេ។ សារនៃការគាំទ្រ និងការផ្ដល់ជំនួយ​ខ្ញុំទទួលបានច្រើន​លើសលប់។ ខ្ញុំ​ចាត់​ទុក​ថា​ខ្លួន​ឯង​មានសំណាង​ណាស់​ដែល​បាន​មកបំពេញតួរនាទីក្នុង​ប្រទេស​ដែល​មាន​បេះដូង​ធំ​បែប​នេះ»។

ប្រជាពលរដ្ឋកម្ពុជា កាលពីអតីតកាលធ្លាប់បានហែលឆ្លងហើយនូវការលំបាក និងគ្រោះអត់ឃ្លានបណ្តាលពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិ។ កញ្ចប់ស្បៀងអាហារបែបនេះ ធ្លាប់តែកម្ពុជាទទួលពីជាតិសាសន៍ដទៃកាលពីពេលនោះ។ តែពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន បានប្រែក្លាយពីទៅជាអ្នកមានលទ្ធភាពជួយដល់ជាតិសាសន៍ដទៃវិញហើយ។ នេះជាការបង្ហាញឱ្យឃើញពីការវិវឌ្ឍន៍ដ៏ប្រសើរ និងប្រកបដោយមោទនភាពមួយសម្រាប់ជាតិកម្ពុជា៕