(កំពត)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមហ៊ុនហ័រស៊ីនខេមបូឌានភែកឃីជីងចក្រីទីង តែមួយគត់ ដែលជាសួនឧស្សាហកម្ម ផ្គត់ផ្គង់សំបកបាវនៅកម្ពុជា ផ្តោតសំខាន់លើគុណភាព និងការវេចខ្ចប់ទំនិញ ដើម្បីប្រកួតប្រជែងទំនិញនៅលើទីផ្សារអន្តរជាតិ។
ថ្លែងបែបនេះ ខណៈលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានដឹកនាំប្រតិភូអមដំណើរ អាជ្ញាធរខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន រួមទាំងអ្នកពាក់ព័ន្ធ ក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់ អំពីសង្វាក់ផលិតកម្មសំបកបាវ និងពិធីសម្ភោធផលិតផលថ្មីៗរបស់ក្រុមហ៊ុន ហ័រស៊ីន (ស៊ីម៉ង់ត៍កម្ពុជាចក្រីទីង) ខេត្តកំពត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។ ដោយចូលរួមពីសំណាក់ ខាងភាគីក្រុមហ៊ុន ជាច្រើនរូបផងដែរ។
ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានលើកបញ្ជាក់ដែរថា ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃនេះ គឺជាការចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងក្រុមហ៊ុនហ័រ ស៊ីន ជាមួយនឹងសហព័ន្ធស្រូវអង្ករកម្ពុជា និងរោងចក្រ សហគ្រាសផ្សេងៗ ដើម្បីសិក្សាស្វែងយល់លើការផលិត និងតម្រូវការប្រើប្រាស់សំបកបាវវេចខ្ចប់ទំនិញផ្សេងៗ។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងចក្រ សហគ្រាស ងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន ថា ហ័រស៊ីនជាក្រុមហ៊ុនមានការអភិវឌ្ឍយ៉ាងល្អប្រសើរ បានយកអាជីវកម្មស៊ីម៉ង់ត៍ជាគោលវិយោគ និងពង្រីកបន្ថែមលើសំបកបាវ បេតុង ស្មាតបត ពិដាន និងត្រេឌីង។ ក្នុងនោះក្រុមហ៊ុនហ័រស៊ីនខេមបូឌានភែកឃីជីងចក្រីទីង ផលិតសំបកបាវ បានប្រើប្រាស់ឧបករណ៍ទំនើបលំដាប់ពិភពលោក អនុវត្តប្រព័ន្ធត្រួតពិនិត្យគ្រប់គ្រងគុណភាពផលិតផលកម្រិតអន្តរជាតិ មានសមត្ថភាពផលិត ប្រចាំឆ្នាំ ១០០លានសំបកបាវ ប្រកបដោយគុណភាពខ្ពស់ អាចទុកចិត្តបាន មានស្ថេរភាព មានសោភ័ណភាព បោះពុម្ពយ៉ាងស្រស់ស្អាតតាមតម្រូវការរបស់អតិថិជនទាំងអស់៕