(កំពង់ស្ពឺ)៖ នៅដើមឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា នៅតែបន្ដសកម្មភាពការងារមនុស្សធម៌យ៉ាងសស្រាក់សស្រាំ ក្នុងការចុះជួបដោយផ្ទាល់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត គ្រប់ទីកន្លែងទោះតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយ។
សម្រាប់នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ត មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្ដចាត់សហការីចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយជាស្បៀង សម្ភារៈ និងថវិកា ចែកជូនដល់ពលរដ្ឋក្រខ្សត់ ចំនួន ១២១គ្រួសារ រស់នៅឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកជាពន់ពេកដល់ប្រជាពលរដ្ឋទាំងអស់។ លោកស្រីក៏បានបញ្ជាក់ថា ទោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានចុះមកជួបប្រជាពលរដ្ឋដោយផ្ទាល់ តែទឹកចិត្ដមាតាមនុស្សធម៌ គឺរមែងគិតខ្វះខ្វាយពីសុខទុក្ខរបស់ពលរដ្ឋយើងជាប់និច្ច ពិសេសចំពោះពលរដ្ឋដែលជួបការលំបាក ទោះក្នុងរូបភាពណាក៏ដោយ។
ទន្ទឹមនឹងការសំណេះសំណាលសួរសុខទុក្ខរួចមក លោកស្រីអគ្គលេខាធិការរងទី១ បានក្រើនរំឮកដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព បរិភោគស្អាត រស់នៅស្អាត ពិសាទឹកដាំឆ្អិន និងសូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមពេលវេលាកំណត់ឲ្យបានគ្រប់ៗគ្នា ព្រោះថាត្បិតតែប្រទេសយើងឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការរាត្បាតមេរោគកូវីដ១៩ក៏ពិតមែន តែពិភពលោកទាំងមូលនៅតែបន្តការយាយីពីមេរោគនេះនៅឡើយទេ ដូចនេះយើងត្រូវរួមគ្នាការពារប្រសើរជាងព្យាបាល។
ជាងនេះទៅទៀតលោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី (H5N1) ដែលថ្មីៗនេះបានកើតឡើងលើក្មេងស្រី អាយុ១១ឆ្នាំ នៅខេត្តព្រៃវែង ដែលបានបណ្តាលឲ្យបាត់បង់ជីវិត។ ដូច្នេះសូមប្រុងប្រយ័ត្ន ពិសេសចំពោះអ្នកដែលមានចិញ្ចឹមបក្សី (មាន់ ទា...) បើមានករណីបក្សីឈឺស្លាប់ សូមកុំយកមកបរិភោគត្រូវយកទៅកប់ឬដុតចោល ព្រោះបើបក្សីទាំងនោះមានជំងឺ វាអាចចម្លងមកយើងបាន។
សូមជម្រាបថា អំណោយផ្តល់ជូន ប្រជាពលរដ្ឋជួបការ លំបាកទាំង១២១គ្រួសារ រួមមាន ៖អង្ករ ២៥គីឡូក្រាម, មីយើង ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សាប៊ូដុសខ្លួន ១ដប និងឃីត១ ( មុង ភួយ សារុង និងក្រមារ)។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំង១២១គ្រួសារ ទទួលបានក្រណាត់ស១ដុំ និងថវិកាចំនួន២ម៉ឺនរៀលបន្ថែមទៀត ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕