(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ធា គ្រុយ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានក្រើនរំលឹកដល់គ្រូពេទ្យទាំងអស់ ត្រូវគិតគូរពីប្រយោជន៏របស់អ្នកជំងឺជាធំ ខណៈដែលគ្រូពេទ្យ គឺជាវិជ្ជាជីវៈករណីកិច្ច។

ការក្រើនរំលឹកនេះ បានធ្វើឡើងក្នុងឱកាសដែលលោកសាស្ត្រាចារ្យ ធា គ្រុយ អញ្ចើញជាអធិបតីក្នុងសន្និសីទស្តីពី «បច្ចុប្បន្នភាពវេជ្ជសាស្រ្តកុមារនៅកម្ពុជា លើកទី៧» របស់សមាគមគ្រូពេទ្យកុមារកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសុខាភិបាល សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលជាសមាជិកសមាគមគ្រូពេទ្យកុមារកម្ពុជាសរុបប្រមាណជាង៧០០នាក់ ព្រមទាំងវាគ្មិនជាសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជំនាញៗមកពីបរទេសផងដែរ។

លោកសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងថា «វិជ្ជាជីវៈជាពេទ្យ គឺជាវិជ្ជាជីវៈដែលគិតប្រយោជន៏របស់អ្នកជំងឺជាធំ ហើយសួរថាបើគិតតែពីប្រយោជន៏អ្នកជំងឺមុនបានលុយឯណាចាយ ឲ្យតែគិតអ្នកជំងឺមុនលុយចាយមិនអស់ទេ ប៉ុន្តែបើជាអ្នកជំនួញគិតគូរពីខ្លួនឯងមុន ខុសគ្នាស្រឡះ អញ្ចឹងទើបខ្ញុំថាគ្រូពេទ្យជាវិជ្ជាជីវៈករណីកិច្ច»

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ចាក់ទៀតថា គ្រូពេទ្យទាំងអស់ត្រូវមានសីលធម៏ខ្ពស់ អាកប្បកិរិយា នឹងសំដីសំដៅល្អជាមួយអ្នកជំងឺ ជាពិសេសភាពស្មោះត្រង់ តួយ៉ាងដូចជាការសរសេរវេជ្ជបញ្ជារត្រូវសរសេរឲ្យបានច្បាស់ ងាយអានងាយយល់ ពន្យល់ឲ្យបានច្បាស់ពីបញ្ហា និងរបៀបប្រើប្រាស់ថ្នាំ កុំខ្លាចអ្នកជំងឺចេះហើយទិញខ្លួនឯងលែងមករកពេទ្យ បើគាត់ទិញខ្លូនឯងជារឿងរបស់គាត់ ប៉ុន្តែយើងជាគ្រូពេទ្យ ជាករណីកិច្ច។

សូមបញ្ចាក់ថា ការរៀបចំសន្និសីទស្តីពី «បច្ចុប្បន្នភាពវេជ្ជសាស្រ្តកុមារនៅកម្ពុជា លើកទី៧» នេះ បានធ្វើឡើងក្នុងគោលបំណង ពង្រឹង នឹងបង្កើនចំណេះដឹងវិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់ឲ្យកាន់តែមានសម្ថភាព ក្នុងការផ្តល់សេវាថែទាំព្យាបាលជំងឺកុមារឲ្យបានត្រឹមត្រូវ នឹងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀត សន្និសីទនេះ ក៏មានបំណងផ្តល់នូវវេទិកាដល់អ្នកឯកទេសផ្នែករោគកុមារទាំងក្នងប្រទេស និងក្រៅប្រទេសបានចែករំលែក ព្រមទាំងផ្លាស់ប្តូរបទពិសោធន៏រវាងគ្នា និងគ្នា ក៏ដូចជាផ្តល់នូវចំណេះដឹងថ្មីៗ ទាក់ទងនិងរោគកុមារផងដែរ៕