(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក បណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានា និងបុណ្យបញ្ចុះខណ្ឌសីមា វត្តសិរីបាទី ស្ថិតនៅក្នុងភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បន្ទាប់ពីថ្លែងចូលរួមអបអរសាទរជាមួយព្រះតេជគុណព្រះសង្ឃគ្រប់អង្គ នៅវត្តចំបក់ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធ ដែលទទួលបានសមិទ្ធផលនានានៅពេលនេះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ។
លោកបណ្ឌិត ម៉ា ឈឿន បានអំពាវនាវទៅប្រជាពលរដ្ឋសូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងជាកង្វល់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ព្រោះបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសសឹងជារៀងរាល់ថ្ងៃ។ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវនាំគ្នាចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តនូវបទល្មើសគ្រប់នានា ហើយអាជ្ញាធរមូលដ្ឋានត្រូវខិតខំទប់ស្កាត់ និងបន្តផ្សព្វផ្សាយអប់រំឲ្យបានច្រើនបន្ថែមទៀតដល់ប្រជាពលរដ្ឋ។
លើសពីនេះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមឯកសារឲ្យបានរួចរាល់ ដើម្បីចូលរួមបោះឆ្នោតសកល ឆ្នាំ២០២៣នេះ និងសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានប្រគេនព្រះចៅអធិការវត្ត ៥,០០០,០០០រៀល និងចែកជូន ពុទ្ធបរិស័ទ, សេនាជនសរុបចំនួន ១០,១០០,០០០រៀល៕