(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ចៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចាត់លោក ប៉ុល រតនា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចុងអំពិល អញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្តចំបក់។

បន្ទាប់ពីថ្លែងចូលរួមអបអរសាទរជាមួយព្រះតេជគុណព្រះសង្ឃគ្រប់អង្គ នៅវត្តចំបក់ និងប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធ ដែលទទួលបានសមិទ្ធផលនានានៅពេលនេះ លោក ប៉ុល រតនា ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូនដល់ប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ។

ចំពោះការងារនៅមូលដ្ឋានវិញ លោក ប៉ុល រតនា បានគូសបញ្ជាក់ថា ក្រុមការងារចុះជួយមូលដ្ឋានឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង នឹងរៀបចំធ្វើវេទិការសាធារណៈ ក្នុងគោលបំណងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងចំណុចប្រឈមផ្សេងៗ ហើយនៅពេលមានប្រជាពលរដ្ឋ កើតមានជំងឺឈឺថ្កាត់ផ្សេងៗ ត្រូវដឹកបញ្ជូនដោយពុំគិតថ្លៃសេវា តាមរថយន្តសង្គ្រោះ ព្រោះនេះជាការយកចិត្តទុកដាក់ជួយកាត់បន្ថយការលំបាករបស់ពួកគាត់។

ពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋនោះ លោក ប៉ុល រតនា បានអះអាងថា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នឹងផ្ដល់ជូននូវម៉ាស៊ីនអេកូសាស្រ្តមួយគ្រឿង ដល់មណ្ឌលសុខភាពចុងអំពិល សម្រាប់ជួយពិនិត្យជំងឺដល់ប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនេះ លោក ប៉ុល រតនា បានអំពាវនាវទៅប្រជាពលរដ្ឋសូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងជាកង្វល់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ព្រោះបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសសឹងជារៀងរាល់ថ្ងៃ។ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវនាំគ្នាចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តនូវបទល្មើសគ្រប់នានា ហើយអាជ្ញាធរមូលដ្ឋានត្រូវខិតខំទប់ស្កាត់ និងបន្តផ្សព្វផ្សាយអប់រំឲ្យបានច្រើនបន្ថែមទៀតដល់ប្រជាពលរដ្ឋ។

លើសពីនេះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមឯកសារឲ្យបានរួចរាល់ ដើម្បីចូលរួមបោះឆ្នោតសកល ឆ្នាំ២០២៣នេះ និងសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕