(បន្ទាយមានជ័យ)៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងពង្រឹងប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈដល់បណ្តានាយប៉ុស្តិ៍ទាំង៦៧ឃុំ-សង្កាត់ ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩។
លោកវរសេនីយ៍ទោ ឈឿង សម្បតិ្ត នាយការិយាល័យកិច្ចការប៉ុស្តិ៍រដ្ឋបាល បានឡើងអានរបាយការណ៍ស្វាគមន៍ និងបង្ហាញលទ្ធផលការងារសម្រេចបានកន្លងមក និងផ្សព្វផ្សាយការងារសម្រាប់ពេលខាងមុខ។ ក្នុងឱកាសនោះ លោកក៏បានប្រគល់ថវិកាសម្រាប់ចំណាត់ថ្នាក់ជ័យលាភីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ឃុំ/សង្កាត់ផងដែរ។
លោកវរសេនីយ៍ឯក យ៉ត សុផល ស្នងការរងនគរបាលខេត្តទទួលផែនការងារកិច្ចការប៉ុស្តិ៍ បានជំរុញដល់នាយប៉ុស្តិ៍ យកចិត្តទុកពង្រឹងការផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជំរុញដាស់តឿនដល់ពលរដ្ឋទើបគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី។
លោកឧត្តមសេនីយត្រី រ៉ែម វីរៈ បានជំរុញដល់លោកនាយប៉ុស្តិ៍៦៧ឃុំ-សង្កាត់ ត្រូវអនុវត្តការងារដូចខាងក្រោម៖
*ទី១៖ ត្រូវធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់តាមមូលដ្ឋាន
*ទី២៖ ត្រូវបន្តចុះផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍, ផលប៉ះពាល់ និងគ្រោះថ្នាក់ដោយគ្រឿងញៀន
*ទី៣៖ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សនិងទាន់ពេលវេលា និងគ្មានរើសអើង
*ទី៤៖ ត្រូវត្រៀមកម្លាំងប្រចាំយាមល្បាត ២៤ម៉ោង សម្រាប់អន្តរាគមន៍ចុះបង្ការ ទប់ស្កាត់ បង្ក្រាប និងសង្គ្រោះ ក្នុងគ្រាមានអាសន្នកើតឡើងជាយថាហេតុផ្សេងៗ៕