(កណ្ដាល)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋខូឡូរ៉ាដូ រួមជាមួយសប្បុរសជនក្នុង និងក្រៅប្រទេស បានចែកសម្ភារសិក្សាជូនដល់សិស្សជិត១ពាន់នាក់ នៅលាបឋមសិក្សាកោះចូរ៉ាម ស្ថិតនៅក្នុងភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ពិធីនោះបានប្រព្រឹត្តទៅនៅវេលាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោក សុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយដ្ឋានពន្ធនាគារ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋខូឡូរ៉ាដូ ព្រមទាំងក្រុមការងារសមាជិកសមាជិកា និងមានការអញ្ជើញចូលរួមដោយលោកស្រី មុំ សុខឆាយ ប្រធានយុវជនគណបក្សប្រជាជនកម្ពជាប្រចាំរដ្ឋខូឡូរ៉ាដូ លោក អ៊ុង អ៊ៅសៀង ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុង ឌីនវើ រដ្ឋខូឡូរ៉ាដូ, លោក អែត ដាដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្ដាល លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល ព្រមទាំងលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាលសិស្សព្រមទាំងសិស្សានុសិស្សជិត១ពាន់នាក់។
អំណោយដែលបាននាំយកទៅចែកជូននាពេលនោះ សិស្សម្នាក់ៗទទួលបានសៀវភៅចំនួន៤ក្បាល ប៊ិច២ដើម និងថវិកាចំនួន៥ពាន់រៀល ដោយឡែកមាតាបិតាអាណាព្យាបាលសិស្សជាង១០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល។
ក្រៅពីនេះ ជូនថវិកាសម្រាប់លោកគ្រូ អ្នកគ្រូទាំងអស់សរុប១,២០០,០០០រៀល ផ្ដល់ជូនកុំព្យូទ័រ១គ្រឿងដល់សាលា និងជូនម៉ាស៊ីនហ្វូតូកូពី១គ្រឿង ដល់ប៉ុស្តិ៍រដ្ឋបាលនគរបាលកោះចូរ៉ាម។
លោក សុខ សុគន្ធា បានជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ឪពុកម្ដាយ និងអាណាព្យាបាលសិស្សព្រមទាំងសិក្សានុសិស្សទាំងអស់។ លោកបានលើកឡើងថា សម្ភារសិក្សាដែលលោកបានពាំនាំយកមកចែកជូននាថ្ងៃនេះ ពុំមែនជារបស់លោកតែម្នាក់ឯងនោះទេ គឺបានមកពីការចូលរួមបរិច្ចាគពីសំណាក់ក្រុមការងារក្នុង និងក្រៅប្រទេសផងដែរ។
លោកបានថ្លែងបន្តទៀតថា ការចែកជូនដល់ក្មួយៗ និងប្អូនៗនេះ មិនបានច្រើនទេ ហើយទោះជាតិចតួចយ៉ាងណាក៏សូមកុំអន់ចិត្ត ព្រោះថាចែកបានបន្តិចៗមែន ប៉ុន្តែលោក និងក្រុមការងារប្រមូលមកបានច្រើនដែរ ។ លុះដល់ពេលយកមកចែកជូនដល់ប្អូនៗច្រើននាក់បានតិចវិញ អ៊ីចឹងសូមខន្តី កុំឲ្យគិតថាខំមកអង្គុយចាំយូរសង្ឃឹមថាបានច្រើន បែរជាបានតិច លោក និងក្រុមការងារសូមអធ្យាស្រ័យទុកមុន។
នៅក្នុងឱកាសនោះលោក សុខ សុគន្ធា បានរម្លឹកថា លោកក៏ជាអតីតសិស្សដែលបានសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាកោះចូរ៉ាមនេះដែរ ហើយលោកក៏បានផ្ដាំផ្ញើដល់សិក្សានុសិស្សទាំងអស់ផងដែរថា ឲ្យខិតខំរៀនសូត្រដើម្បីជួយខ្លួនឯង, ជួយដល់ឪពុកម្ដាយ, នៅពេលដែលក្មួយៗបានការងារល្អត្រឡប់មកជួយភូមិឃុំវិញដូចជាពូអ៊ីចឹង។ ដូច្នេះពេលនោះយើងបានជួយខ្លួនឯង បានជួយគ្រួសារ គឺបានន័យថាយើងបានជួយជាតិហើយ ម្យ៉ាងទៀតកាលណាយើងមិនបង្កការលំបាកដល់អាជ្ញាធរ មិនបង្កការលំបាលដល់ក្រុមគ្រួសារ គឺមានន័យថាបានជួយជាតិហើយ។
លោកប្រធានក្រុមយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុករដ្ឋខូឡូរ៉ាដូ ក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូទាំអស់ ដែលបានខិតខំបង្ហាត់បង្រៀនដល់សិស្សរាល់ថ្ងៃ ជាពិសេសបានជួយសម្របសម្រួលដល់ក្រុមការងាររបស់លោកឲ្យបានចុះ មកចែកអំណោយដល់សិក្សានុសិស្សនៅភូមិឃុំយើងនាថ្ងៃនេះ៕