(ឡុងដ៍)៖ មិនបាច់និយាយច្រើនទេ លោក Boris Johnson ដែលជាអ្នកកាន់ពានរង្វាន់ធំ ក្រោយយុទ្ធនាការ បំផុស បំផុល ឲ្យចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបបានសម្រេចនោះ ហាក់បង្ហាញពីចរឹតដូចក្មេងលេងដី ដោយលោកបានឆ្លើយតបមកវិញយ៉ាងច្បាស់ថា លោកនឹងមិនឈរឈ្មោះយកតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ដែលត្រូវរ៉ាប់រងថ្មបាក់ពីលោក David Cameron នោះទេ បើទោះបីជារូបលោក ត្រូវទទួលរងការចោទប្រកាន់ថា ជាមេខ្យល់បង្ករឿងនេះក៏ដោយ។
សារព័ត៌មាន CNN របស់អាមេរិក បាននិងកំពុងតាមដានស្ថានការណ៍អង់គ្លេសយ៉ាងដិតដល់ រហូតមកដល់ល្ងាចថ្ងៃ សុក្រ ទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលមានរយៈពេលមួយសប្តាហ៍ត្រឹម ក្រោយពីអង់គ្លេសបោះឆ្នោតចាកចេញពី EU ទាំងមិនដាច់អាល័យ។ ចំពោះមុខអ្នកប្រឆាំងការចាកចេញពីអឺរ៉ុប ដែលជិះឡានក្រុងជាច្រើនគ្រឿងតវ៉ានៅតាមដង ផ្លូវទីក្រុងឡុងដ៍នោះ អតីតអភិបាលទីក្នុងឡុងដ៍គឺលោក Boris Johnson បានប្រញាប់ប្រញាល់ឡើងរថយន្ត ជិះចេញ យ៉ាងលឿនពីការិយាល័យ សំដៅទៅកាន់លំនៅដ្ឋានវិញយ៉ាងសុខសាន្ត។
ប្រការនេះវាបានបង្ហាញថាលោក Boris Johnson ទំនងជាមិនអាចស្មានដឹងជាមុនទេ ថាលទ្ធផលចេញមកបែបនេះ បានបង្ករឿងឲ្យអាក្រក់ធ្ងន់ធ្ងរលើសការស្មានបែបនេះ។ វាត្រូវបានចាត់ទុកជាថ្ងៃ ដ៏គួរឲ្យតក់ស្លុតបំផុត លើផ្លូវនយោបាយ របស់ចក្រភពអង់គ្លេស ដែលមួយសប្តាហ៍មកហើយបញ្ហាកាន់តែវិវឌ្ឍន៍ខ្លាំងឡើង ដូចជំងឺមហារីក។ ពេលនេះ ចក្រភព អង់គ្លេស ទាំងមូលហាក់កំពុងបែងចែកកន្លែងរស់នៅជាពីរទៅហើយ គឺ «នៅបន្ត» និង «ចាកចេញ» ពីសហភាព អឺរ៉ុប។
ចំពោះលោក David Cameron ដែលកន្លងមកបានចង់ឲ្យតែអង់គ្លេសបន្តនៅក្នុង អឺរ៉ុប ដដែលនោះ ក៏បាននិយាយ រួចទៅហើយដែរថា កតព្វកិច្ចដ៏មហាឈឺក្បាល ថាតើចក្រភពអង់គ្លេសត្រូវធ្វើអ្វីជាបន្តទៀតនោះ លោកសូមទុកឲ្យ មេដឹកនាំក្រោយ ជាអ្នកធ្វើទៅចុះ ព្រោះលោកនឹងចុះចេញពីតំណែងនៅខែតុលាខាងមុខនេះហើយ។ មិនថាតែ រដ្ឋាភិបាល ប៉ុណ្ណោះទេដែលមានការប្រេះស្រាំរឿងនិន្នាការ តែសូម្បីតែបក្សប្រឆាំងនៅអង់គ្លេសក៏មានភាពរំជើបរំជួល និងផ្លាស់ប្តូរថ្នាក់ ដឹកនាំរបស់ខ្លួនដែរ ដូចជាគណបក្ស Labour Party ជាដើមដែលត្រូវបានហែកជាបំណែកហើយ។
ងាកមកមើលបញ្ហាសេដ្ឋកិច្ចវិញ គ្រាន់តែពីរថ្ងៃប៉ុណ្ណោះទីផ្សារសេដ្ឋកិច្ចសកលបានបាត់បង់ទឹកប្រាក់ ៣ពាន់ពាន់លាន ដុល្លារអាមេរិក ដែលវាជារឿងអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រាក់ផោនរបស់អង់គ្លេសបានលិចលង់តម្លៃ ១២ភាគរយ ទៅហើយ គិតចាប់តាំងពីថ្ងៃបោះឆ្នោតមកមួយសប្តាហ៍នេះ។ ភាគច្រើននៃវិនិយោគិន បានមើលឃើញចក្រភពអង់គ្លេស ក្នុងផ្លូវវិជ្ជមានទៅហើយ ដោយរដ្ឋាភិបាលក៏មិនទាន់មានចំណាត់ការអ្វីទៅរឿងនេះ ឲ្យមានប្រសិទ្ធភាពដែរ ព្រោះអ្វីៗបាន កើតឡើងភ្លាមពេក។ នៅពេលនេះ មានតែសំនួរប៉ុណ្ណោះ ថាតើអង់គ្លេសនឹងមានអនាគតដូចម្តេច?