(រតនគិរី)៖ លោក ហ៊ីន វិន អភិបាលរងស្រុកកូនមុំ ខេត្តរតនគិរី តំណាងលោក សេក ហៃ អភិបាលស្រុកនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកម្លាំងអាវុធមូលដ្ឋាន កម្លាំងនគរបាល និងអាជ្ញាធរឃុំស្រែអង្ក្រង ចុះស្រាយករណីក្រុមហ៊ុនថា «កូអាគ្រី» (THACO AGRI) (អតីតក្រុមហ៊ុន ហ័ងអាញ់) នៅភូមិ៣ ឃុំស្រែអង្ក្រង ដែលគ្រោង បិទផ្លូវប្រជាពលរដ្ឋ និងកម្មករ មិនឲ្យដឹកកសិផល និងធ្វើដំណើរឆ្លងកាត់ ដោយបង្វែរឲ្យធ្វើដំណើរឆ្លងកាត់តាមក្រុមហ៊ុន «ដូនពេញអាគ្រីកូ» តាមផ្លូវជាតិលេខ៧៦ នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ មានចំងាយជាង១០០គីឡូម៉ែត្រទៅវិញ ក្រោមហេតុផលជួសជុលផ្លូវ។
លោក ជា ជាតិ តំណាងប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ រស់នៅ និងធ្វើកម្មករក្នុងក្រុមហ៊ុន បានរៀបរាប់ថា ពួកគាត់អាស្រ័យផ្លូវនេះ តាំងពីក្រុមហ៊ុន មិនទាន់ដំណើរការមកម្ល៉េះ ដូច្នេះពួកគាត់មកតវ៉ាថ្ងៃនេះ គឺសុំឲ្យអាជ្ញាធរស្រុកកូនមុំ សម្របសម្រួលជាមួយក្រុមហ៊ុន ឲ្យធ្វើដំណើរចេញ-ចូល និងដឹកកសិផលមកលក់ខាងក្រៅជាធម្មតា។
តំណាងប្រជាពលរដ្ឋបានបន្តថា «ផ្លូវនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ប្រកបរបរចិញ្ចឹមជីវិត ដូចជា ដឹកបន្លែ, ផ្លែឈើ, ត្រីសាច់ជាដើម ផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋ និងកម្មករធ្វើការទីនោះ គ្រាន់បានកំរៃដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជាងនេះទៅទៀត បើក្រុមហ៊ុនបិទផ្លូវ ក្រោមហេតុផលជួសជុលនោះ វាបង្កផលប៉ះធ្ងន់ធ្ងរណាស់ ដូចជា ដាំដំណាំបានផលមិនអាចដឹកមកទីផ្សារនៅទីជិតៗ, ឈឺស្កាត់ពេលយប់, ស្ត្រីឈឺពោះឆ្លងទន្លេ ទំរាំធ្វើដំណើរវៀងទៅផ្លូវជាតិលេខ៧៦ ស្រុកលំផាត់មានចំងាយជាង១០០គីឡូម៉ែត្រ»។
ចំណែកឯស្រ្តីម្នាក់ទៀតឈ្មោះ ស៊ឹម សាមិត្ត តំណាងឲ្យអាណាព្យាបាលសិស្ស បានរៀបរាប់ឲ្យដឹងថា ក្នុងទីតាំងក្រុមហ៊ុន គ្មានសាលារៀនទេ ដូច្នេះពួកគាត់ត្រូវនាំកូនចៅមករៀនដែលមានសាលានៅក្បែរទីតាំងក្រុមហ៊ុន ហើយបើបិទផ្លូវ តើឲ្យកូនចៅធ្វើដំណើរវៀងមករៀនទាន់ពេលវេលាដែរ ឫអត់? ថ្ងៃសៅរ៍នេះ កូនចៅពួកមិនបានទៅរៀនទេ។
ទាក់ទិនទៅនឹងករណីខាងលើនេះលោក ហ៊ីន វិន អភិបាលរងស្រុក បានប្រាប់ភ្នាក់ងារ Fresh News ថា នៅរសៀលថ្ងៃនេះ អាជ្ញាធរបានជួបតំណាងក្រុមហ៊ុនជាគោលការណ៍ឯកភាពគ្នា ឲ្យបើកផ្លូវបណ្តោះអាសន្នសិន លើកលែងតែរថយន្តធុនធំ មិនអនុញ្ញាតឲ្យឆ្លងកាត់ ហើយរថយន្តធុនតូចមួយចំនួន មុនចេញ-ចូលខាងក្រុមហ៊ុនធ្វើការត្រួតពិនិត្យ។
លោកបន្តថា «ការចុះដោះស្រាយថ្ងៃនេះ ទទួលបានលទ្ធផលល្អ មានការយោគយល់គ្នា គឺរង់ចាំថ្នាក់ដឹកនាំក្រុមហ៊ុន និងជួបប្រជុំជាមួយអាជ្ញាធរនៅពេលក្រោយ។ ហេតុផលដែលក្រុមហ៊ុនថា ជួសជុលផ្លូវក៏ត្រូវមានផ្លូវបិទម្ខាង បើកម្ខាងដែរ។ បើធ្វើដំណើរវៀងក៏ឲ្យមានលក្ខណៈសមរម្យ ពួកគាត់អាចទទួលយកបានពោល គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនទុកបងប្អូនប្រជាពលរដ្ឋឲ្យរងារនោះទេ»៕