(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ដែលមានការពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ធិស្របច្បាប់របស់ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជូនដូចតទៅ៖

ទីតាំងដីស្ថិតនៅក្នុងភូមិសាស្ត្រឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កន្លងមកបានចេញប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់ដីធ្លី និងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៩ ហើយម្ចាស់ដីដែលមានប័ណ្ណ សម្គាល់សិទ្ធិនីមួយៗ បានធ្វើការកាន់កាប់ និងគ្រប់គ្រងដីជាបន្តបន្ទាប់រហូតមក។ លុះដល់ឆ្នាំ២០០៦ រាជរដ្ឋាភិបាលបានកំណត់យកផែនទីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើជាគោល ក្នុងនោះផ្ទៃដីមួយផ្នែកក្នុងខេត្តព្រះសីហនុ ក៏ស្ថិតនៅក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ។

ដោយឡែកចំពោះករណីប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ ដែលមានពាក់ព័ន្ធលើទីតាំងដីកម្មសិទ្ឋិស្រប់របស់ធនាគារ កាណាឌីយ៉ា មានទីតាំងស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រវត្តិដើមជាដីរបស់ឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី មានប័ណ្ណកម្មសិទ្ធិចំនួន ០៣ប័ណ្ណរួមមាន៖ លេខ CI-0532, C−0533, CH-0534 ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៤។

ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩ មានក្រុមមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋ ឲ្យចូលទន្ទ្រានកាន់កាប់លើទីតាំងដីខាងលើ ដោយសំអាងថា ទីតាំងដីខាងលើនេះជាដីរបស់រដ្ឋ។ ការទន្ទ្រានយកដីនេះបានបង្កើតជារូបភាពលក់ទិញ និងផ្ទេរសិទ្ធិពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ដោយឯកសារពុំមានលក្ខណៈគតិយុត្ត ហើយក្រុមអនាធិបតេយ្យទាំងនោះបានប្រើប្រាស់ឯកសារ ដែលបានបង្កើតឡើងនេះ ទៅដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរ ពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដើម្បីស្នើសុំកាត់ឆ្កៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២ និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាសម្រេចបង្គាប់ឲ្យប្រគល់អចលនវត្ថុលេខ ២១ត.រ/២០ បង្គាប់ឱ្យឈ្មោះ ឡុង សាខន និងឈ្មោះ ស៊ិន សុថាវី ប្រគល់អចលនវត្ថុចំនួន៣ប័ណ្ណខាងលើ ឲ្យទៅធនាគារកាណាឌីយ៉ា។ ក្រោយទទួលបានសិទ្ធិតាមដីកាសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ធនាគារកាណាឌីយ៉ា បានស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិ។

ក្រោយមកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៨០អនក្រ.បក សម្រេចកាត់ឆ្កៀលដីចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ និងប្រគល់ជូនធនាគារកាណាឌីយ៉ា គ្រប់គ្រងជាកម្មសិទ្ធិ។ បន្ទាប់ពីទទួលបានអនុក្រឹត្យពីរាជរដ្ឋាភិបាល ធនាគារកាណាឌីយ៉ា បានស្នើសុំចុះបញ្ជីដីតាមនីតិវិធី ហើយបានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ០២ប័ណ្ណ លេខ ១៨០២០៣០១-០០២៩ និង១៨០២០៣០១-០០៣០ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

ក្រោយទទួលបានកម្មសិទ្ធិស្របច្បាប់ ធនាគារកាណាឌីយ៉ា រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំធ្វើការសម្របសម្រួលដើម្បីដោះស្រាយគោលនយោបាលផ្ដល់ដីឡូត៍ជូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅ និងអាស័យផលជាក់ស្ដែងលើទីតាំងដី។ ជាលទ្ឋផលបងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានឯកភាពទទួលយក និងនៅសល់ប្រជាពលរដ្ឋមួយចំនួនតូច នៅបន្តជឿតាមការញុះញង់ពីសំណាក់មេក្លោង និងមេខ្យល់ ដែលបានធ្វើសកម្មភាពញុះញង់បំផុសបំផុលឱ្យប្រជាពលរដ្ឋ នៅបន្តការទន្ទ្រានកាន់កាប់លើដីកម្មសិទ្ធិរបស់អ្នកដទៃ ពុំទាន់ទទួលយកគោលការណ៍ដោះស្រាយក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឈប់ចាញ់បោកការឃោសនា របស់ក្រុមមេខ្យល់ឲ្យចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីកម្មសិទ្ធិឯកជន។ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ចំពោះក្រុមមេខ្យល់ដែលមានបំណងបង្កចលាចល បំផុសបំផុល ចលនាអនាធិបតេយ្យចូលទន្ទ្រានដីរដ្ឋ និងដីកម្មសិទ្ធិឯកជន នៅលើទឹកដីនៃខេត្តព្រះសីហនុ ដោយគ្មានការលើកលែងឡើយ៕