(សៀមរាប)៖ ប្រធានភ្នាក់ងារទេសចរណ៍ របស់អាជ្ញាធរជាតិអប្សរា តាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ ប្រចាំតំបន់ឧទ្យានអង្គរ កំពុងទទួលវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នកជំនាញ The CPR Hero training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌល អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៦ ខាងមុខនេះ។
វគ្គសិក្សានេះ បានផ្តោតសំខាន់លើរបៀបជួយឱ្យមានដំណើរការដង្ហើមឡើងវិញ និងការវាយតម្លៃជនរងគ្រោះថា តើគ្រោះថ្នាក់កម្រិតណាដែលអាចជួយនៅនឹងកន្លែង ហើយកម្រិតណាដែលត្រូវការឡានពេទ្យជាចាំបាច់? បើទោះជាត្រូវការឡានពេទ្យក៏ដោយ ក៏អ្នកដែលចេះវិធីជួយសង្គ្រោះបឋម អាចជួយឲ្យពួកគាត់រួចផុត ពីគ្រោះថ្នាក់បាន ក្នុងករណីដែលត្រូវរង់ចាំឡានសង្គ្រោះបន្ទាន់។ បន្ថែមពីនោះក៏មានការហ្វឹកហាត់ឆ្លើយតបទៅនឹងឧបទ្ទវហេតុជាយថាហេតុ ធ្វើយ៉ាងណាបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ឬគោលដៅសុវត្ថិភាពដែលនៅក្បែរបំផុតបានទាន់ពេលវេលា។
លោក សុខ សង្វារ អគ្គនាយករង និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ បានលើកឡើងថា «គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ គឺធ្វើឲ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ ដូចយើងដឹងស្រាប់ហើយ បច្ចប្បន្នអង្គរ គឺជាតារាមួយដួងដែលភ្ញៀវទេសចរជាច្រើនកំពុងចាប់អារម្មណ៍។ ដូច្នេះ យើងត្រូវព្យាយាមពង្រឹងគុណភាពនៃការទស្សនានេះ ឲ្យរឹងរឹតតែប្រសើរឡើងថែមទៀត។ ភ្ញៀវទេសចរមានច្រើន ដូច្នេះឧបទ្ទហេតុចំពោះពួកគាត់ ច្បាស់ជាគេច មិនផុតឡើយ ការចេះវិធីសាស្ត្រជួយសង្គ្រោះពួកគាត់បានទាន់ពេល និងប្រកបដោយសុវត្ថិភាព ក៏ជាតម្រូវការចាំបាច់មួយ សម្រាប់យើងអ្នកធ្វើការពាក់ព័ន្ធ នឹងអង្គរទាំងអស់គ្នា»។
លោកបញ្ជាក់ថា នឹងពង្រីកវគ្គបណ្តុះបណ្តាលនេះ ទៅកាន់អ្នកពាក់ព័ន្ធដទៃទៀតដូចជា មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរ ឬក៏អ្នកស្រុកផ្ទាល់តែម្តង ព្រោះចំណេះដឹងនេះ ចេះរឹតតែច្រើន រឹតតែល្អចំពោះសេវាទេសចរណ៍។ ដោយឡែក នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ស្អែកនេះ ក្រុមការងារ The CPR Hero training center នឹងចុះទៅពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរមួយចំនួន ដោយឥតគិតថ្លៃផងដែរ៕