(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសជូនសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជានៅស្រុកព្រៃកប្បាស ខេត្តតាកែវ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស។

នាឱកាសនោះលោកបណ្ឌិត ពេជ សោភ័ន បានប្រាប់សមាជិកសមាជិការគណបក្ស ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងបានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលធំធេងជាបន្តបន្ទាប់ ជាពិសេសធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងបន្តថា រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខ និងជីវភាព សុខភាពប្រជាពលរដ្ឋ និងការកាត់ បន្ថយភាពក្រីក្រ ព្រមទាំងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងនយោបាយកិច្ចការបរទេស កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវល្បឿនលឿន វិស័យកសិកម្ម ពាណិជ្ជកម្ម វិស័យការងារ សុខុមាលភាពសាធារណៈ ជាពិសេសការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩បានជោគជ័យនិងទទួលបានការស្ងប់ស្ងែងពីពិភពលោក។ សមិទ្ធផលទាំងនេះអាចសម្រេចបានលុះត្រាតែ មានកត្តាសំខាន់បំផុតគឺប្រទេសមានសន្តិភាព។

លោកបណ្ឌិត ពេជ សោភ័ន បានស្នើឱ្យសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា រួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ច ហើយមន្រ្តីមូលដ្ឋានត្រូវប្រឹងប្រែងបំរើសេវានិង ត្រូវបន្តចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះពួកគាត់។

នៅក្នុងឱកាសនោះលោកបណ្ឌិត ពេជ សោភ័ន ក៏បានប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសភាជាតិអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបន្តគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគតផងដែរ៕