(ភ្នំពេញ)៖ ប្រតិភូរបស់ក្រសួងកិច្ចការនារី ដឹកនាំដោយលោកស្រី ម៉ាន ចិន្ដា រដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំកំពូលសកលពីស្រ្តី២០២៣ ក្រោមមូលបទ «តួនាទីជាថ្នាក់ដឹកនាំស្ត្រីក្នុងការកសាងសន្តិភាព និងសមាហរណកម្មសង្គម និងជំរុញឲ្យមានវិបុលភាព» ដែលបានប្រព្រឹត្តទៅពីរថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។

កិច្ចប្រជុំកំពូលសកលពីស្រ្តី២០២៣ ធ្វើឡើងក្នុងគោលបំណងចែករំលែកនូវទស្សនៈទាន បទពិសោធន៍លើភាពជាអ្នកដឹកនាំរបស់ស្ត្រី និងដំណោះស្រាយលើបញ្ហាដូចជា វិសមភាពយេនឌ័រ ការរំលោភបំពានក្នុងគ្រួសារ និងគុណវិបត្តិនយោបាយ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមមកពីបណ្ដាប្រទេសជាង១០០លើពិភពលោក។

លោកស្រី ម៉ាន ចិន្តា បានចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំកំពូលសកលស្រ្តី២០២៣ ក្រោមប្រធានបទតួនាទីរបស់ស្រ្តី នៅក្នុងនិន្នាការដ៏សំខាន់ក្នុងពិភពលោក។ លោកស្រី បានចែករំលែកនូវសន្តិភាព សុខុដុមរម្មនីយកម្មសាសនា និងការអភិវឌ្ឍន៍ក្នុងបរិបទកម្ពុជា និងទិដ្ឋភាពទូទៅក្នុងតំបន់ និងពិភពលោកពាក់ព័ន្ធនឹងការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។

បន្ថែមពីនេះ លោកស្រី ម៉ាន ចិន្ដា បានលើកទឹកចិត្តសហគមន៍ឲ្យបង្កើតមូលនិធិសម្រាប់ស្ត្រីដើម្បីកាត់បន្ថយភាពក្រីក្រ ជំរុញឲ្យស្រ្តីចូលរួមទទួលការអប់រំឲ្យបានខ្ពស់ ដើម្បីឲ្យពួកគេមានលទ្ធភាពក្នុងការបញ្ចេញមតិ និងចូលរួមក្នុងការអនុវត្តសកម្មនានានៅក្នុងសង្គម។ ស្រ្តីរួមគ្នាជាកម្លាំងមួយដ៏រឹងមាំនៅក្នុងសាលក ដើម្បីទទួលបានភាពខ្លាំងនៅក្នុងសង្គម។

លោកស្រីគូសបញ្ជាក់ថា រដ្ឋគួរពិចារណាក្នុងការបង្រួមគម្លាតប្រាក់ចំណូល ដែលបណ្តាលមកពីភាពខុសគ្នារវាងយេនឌ័រ និងចែករំលែកមធ្យោបាយ ប្រកបដោយភាពច្នៃប្រឌិត ឬការអនុវត្តល្អបំផុត នៃការកាត់បន្ថយភាពក្រីក្រ របស់ស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងបើកផ្លូវថ្មីសម្រាប់ស្ត្រី ដើម្បីធ្វើការផ្លាស់ប្តូរតាមរយៈតួនាទីពិសេសរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជំរុញឲ្យស្រ្តីចូលរួមក្នុងភាពជាអ្នកដឹកនាំ និងដាក់ចេញនូវគោលនយោបាយឬកម្មវិធីនានា ដើម្បីឲ្យស្រ្តីក្លាយជាធនធានដ៍មានសក្តានុពល។ ភាពជោគជ័យមួយជីវិតក្នុងចំណោមស្ត្រី ការក្លាយខ្លួនជាអ្នកដឹកនាំដ៏ជោគជ័យ ក្នុងការជំរុញការផ្លាស់ប្ដូរផលវិជ្ជមានដល់ប្រជាជនរាប់លាននាក់ក្នុងការសាងសន្តិភាពសមាហរណសង្គម និងភាពរុងរឿង។ ភាពជាអ្នកដឹកនាំរបស់ស្ត្រីមានសារៈសំខាន់ណាស់ ក្នុងការកសាងសន្តិភាព សមាហរណកម្មសង្គម និងការជំរុញឲ្យមានវិបុលភាព ជាពិសេសសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងសម័យកាលនេះ។ មួយវិញទៀតការបំផុសគំនិតដល់យុវជនជំនាន់ក្រោយ ដើម្បីឲ្យទទួលបានការជោគជ័យបន្ថែម និងគំរូល្អៗពីសំណាក់ស្ត្រីដែលជោគជ័យ គឺជាចំណុចសំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្ស។

បើតាមលោកស្រី ម៉ាន ចិន្ដា ភាពជាអ្នកដឹកនាំស្ត្រីក្នុងវិស័យអប់រំ និងវិទ្យាសាស្ត្រ ការអប់រំ គឺជាចំណែកដ៏សំខាន់មួយក្នុងការធ្វើឲ្យមានសន្តិភាព និងសមាហរណសង្គម ហើយស្ត្រីដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការអប់រំនេះ។ ការអប់រំក្មេងប្រុសម្នាក់ គឺជាការអប់រំមនុស្សម្នាក់ ប៉ុន្តែការអប់រំក្មេងស្រីម្នាក់ គឺអប់រំមនុស្សគ្រប់គ្នា។ ការអប់រំដែលផ្តោតលើ STEM គឺជាវិធីសាស្រ្តតែមួយក្នុងពេលបច្ចុប្បន្នក្នុងការអភិវឌ្ឍសមត្ថភាពក្មេងស្រី ចេញពីរបត់នៃការអប់រំបែបប្រពៃណី និងរុញច្រានឲ្យស្រ្តីឈានចូលក្នុងទីផ្សារសាលក ការប្រកួតប្រជែងជំនាញ ព្រមទាំងទទួលបាននូវសមភាព នៃការអប់រំ។

មួយវិញទៀត ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងសភា និងការទូត ការជំរុញឲ្យស្ត្រីចូលរួមក្នុងនយោបាយជាតិ និងអន្តរជាតិ និងបម្រើសហគមន៍ និងប្រទេសជាតិប្រកបដោយភាពវិជ្ជមាន និងទទួលយកការទទួលខុសត្រូវប្រកបដោយក្រមសីលធម៌ និងនិរន្តរភាព។

លើសពីនេះ លោកស្រី ម៉ាន ចិន្ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ដែលផ្ដល់ឱកាសឲ្យលោកស្រី បានប្រា្រស័យទាក់ទងថ្នាក់ដឹកនាំជាស្រ្តីជាង១០០ប្រទេស និងបានចែករំលែកព័ត៌មានពីស្រ្តីកម្ពុជា ទៅអង្គវេទិការ និងពីភាពរស់នៅស្មេីមុខមាត់រវាងព្រះពុទ្ធសាសនា និងឥស្លាមសាសនា ពិសេសការរីកចម្រេីនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ៕